ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែ កុម្ភៈ និងលើកទិសដៅអនុវត្តការងារខែមីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការការងារ ខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងគ្រប់ផែន លោកវរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ-នាយរងការិយាល័យ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមទាំង៦ នៃកងអនុសេនាតូច ប្រធានក្រុមចម្រុះនគរបាលខេត្តប្រចាំការគ្រប់ក្រុម នាយប៉ុស្តិ៍រដ្ឋបាលទាំង៥ និងមន្ត្រីពាក់ព័ន្ធ។

តាមរបាយការណ៍ប្រចាំខែកុម្ភៈ របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមមានលក្ខណៈល្អប្រសើរ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ អង្គប្រជុំក៏បានស្តាប់ការចូលរួមមតិតាមបណ្តាផែន ការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាល អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារប្រចាំខែកន្លងមករបស់ខ្លួន។

ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញផែនការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម និងក្នុងពិធីផ្សេងៗ  ទទួលបានររបៀបរៀបរយនិងសុវត្ថិភាពល្អ។ ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលបានចាត់តាំងធ្វើទាំងពេលថ្ងៃ និងពេលយប់ ការងារបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងការជួយសហការជួយសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មានប្រសាសន៍បូកសរុបអង្គប្រជុំ លោកឧត្តមសេនីយ៍ ស្នងការ បានអំណរសាទរនិងអរគុណចំពោះកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុខសុវត្ថិភាពសាធារណៈទទួលបានលទ្ធផលល្អប្រសើរ និងបានដាក់ចេញទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ការងាររិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់គ្រប់មូលដ្ឋានអោយបានល្អប្រសើរជាបន្តទៀត។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានបានដាក់ទិសដៅដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុក ត្រូវអនុវត្តនៅបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យបានមុឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពនិងកើនរំលឹកដល់លោកលោកស្រីជាថ្នាក់ដឹកនាំត្រូវធ្វើជាគំរូល្អដល់មន្ត្រីថ្នាក់ក្រោម និងបន្តពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជាក្នុងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.