ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រៀមរៀបចំពិធីចាប់ត្រីបែបបុរាណនៅតំបន់ត្រពាំងក្រម ក្នុងស្រុកមេមត់ ដើម្បីអភិរក្សវប្បធម៌ដូនតា និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖ ដើម្បីថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតា និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់ត្រពាំងក្រម ស្ថិតក្នុងស្រុកមេមត់។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការឱ្យបានហ្មត់ចត់ សម្រាប់ “ពិធីចាប់ត្រីបែបបុរាណ” សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចររាប់ម៉ឺននាក់ ដែលនឹងមកចូលរួមនាថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំជាំក្រវៀន និងបងប្អូនសហគមន៍មូលដ្ឋានផងដែរ។

លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖

១. ស្ថានភាពធនធានធម្មជាតិ៖ ពិនិត្យកម្ពស់ទឹក និងបរិមាណត្រីក្នុងត្រពាំង ដើម្បីធានាថាការកម្សាន្តរបស់ពលរដ្ឋប្រព្រឹត្តទៅដោយភាពរីករាយ និងសម្បូរបែប។

២. សន្តិសុខ និងសណ្តាប់ធ្នាប់៖ រៀបចំផែនការការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរំពឹងថានឹងមកចូលរួមយ៉ាងកុះករ។

៣. ហេដ្ឋារចនាសម្ព័ន្ធបម្រើការកម្សាន្ត៖ ការរៀបចំចំណតយានយន្តឱ្យមានរបៀបរៀបរយ និងការរៀបចំបន្ទប់ទឹកអនាម័យ ដើម្បីផ្ដល់ភាពងាយស្រួលបំផុតដល់សាធារណជន។

ក្នុងឱកាសនោះដែរ លោក គន់ រ័ត្នមុនី បានមានប្រសាសន៍សង្កត់ធ្ងន់លើការរក្សាឱ្យបាននូវទម្រង់ដើមនៃ “ការចាប់ត្រីបែបបុរាណ”។ លោកក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំង ត្រូវហាមឃាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទទំនើប ឬឧបករណ៍ល្មើសច្បាប់ផ្សេងៗ។ អ្នកចូលរួមទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែឧបករណ៍ដែលច្នៃពីឫស្សីតាមបែបបុរាណប៉ុណ្ណោះ រួមមាន៖ អង្រុត ឈ្នាង និងទ្រក ជាដើម ដើម្បីបង្ហាញពីតម្លៃនៃវប្បធម៌ និងការរស់នៅចុះសម្រុងជាមួយធម្មជាតិរបស់ដូនតាខ្មែរ។

ប្រភព​៖​ រដ្ឋបាល​ខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.