ភ្នំពេញ ៖ លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេស យូនីសេហ្វកម្ពុជា តំណាងអង្គការ UNICEF បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការលើកឡើងរបស់ លោកបណ្ឌិត វីល ផាកស៍ នាឱកាសអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកអំពីវឌ្ឍនភាព និងបទពិសោធន៍សម្រេចបានពីការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រង។ ក្នុងនោះ តួនាទីរដ្ឋាភិបាលថ្នាក់ជាតិ ត្រូវបានផ្លាស់ប្តូរពីការផ្តល់សេវាផ្ទាល់ ទៅជាការតម្រង់ទិស ការកសាងសមត្ថភាព និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជំនួស។
លោកបណ្ឌិត បានបញ្ជាក់ថា បច្ចុប្បន្នមុខងារចំនួន ៥៥ ត្រូវបានផ្ទេរទៅកាន់ក្រុង ស្រុក ខណ្ឌ ខណៈការគ្រប់គ្រងសេវាសុខាភិបាល និងមណ្ឌលកុមារកំព្រា ត្រូវបានផ្ទេរទៅរាជធានី-ខេត្ត រួមទាំងការអនុវត្តមុខងារអាណត្តិទូទៅ និងមុខងារជាជម្រើសផ្សេងៗ ដែលធ្វើឱ្យធនធានហិរញ្ញវត្ថុ និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ មានការកើនឡើងជាបន្តបន្ទាប់។
ក្នុងបរិបទនេះ UNICEF បានដាក់ចេញអភិក្រមថ្មី ក្នុងការគាំទ្រដល់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ចថ្នាក់ខេត្ត ជារដ្ឋបាលថ្នាក់ក្រោមជាតិខ្ពស់បំផុត ដើម្បីឱ្យខេត្តអាចបន្តគាំទ្រ និងពង្រឹងសមត្ថភាពដល់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យអនុវត្តផែនការ និងថវិកាផ្អែកលើភស្តុតាង លទ្ធផល បរិយាបន្ន និងសមធម៌។
អភិក្រមថ្មីនេះ មានគោលបំណងជាក់លាក់ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្រេចបាននូវសិទ្ធិកុមារ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង និងអនុវត្តមុខងារសេវាសង្គមដែលបានផ្ទេរ ធានាឱ្យមានការវិភាជន៍ និងប្រើប្រាស់ថវិកា ឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី កុមារ និងយុវជន ព្រមទាំងកាត់បន្ថយឧបសគ្គក្នុងការទទួលបានសេវាសង្គម តាមរយៈការចូលរួមសហគមន៍ និងការផ្លាស់ប្តូរឥរិយាបទ៕














