ប៉ៃលិន៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់ជាច្រេីនរូបទៀត ។
ក្នុងកិច្ចប្រជុំនេះលោកស្នងការ បានវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងបានលើកឡើងពីចំណុចខ្វះខាតមួយចំនួននៅតាមការិយាល័យជំនាញ ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយជំរុញឱ្យពង្រឹងវិន័យ ការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំឱ្យត្រៀមវិធានការបង្ការ និងទប់ស្កាត់ដាច់ខាតចំពោះបញ្ហាក្មេងទំនើង មិនអនុញ្ញាតឱ្យមានសកម្មភាពបង្កចលាចល ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបង្កើនការចុះល្បាត ការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដើម្បីធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកស្នងការ ក៏បានណែនាំអំពីការពង្រឹងការគ្រប់គ្រងនិងតាមដានព័ត៌មានសន្តិសុខការស្រាវជ្រាវត្រួតពិនិត្យជនបរទេសនៅក្នុងមូលដ្ឋាន ព្រមទាំងបង្ក្រាបបទល្មើសអនឡាញ(Online Scam) ដោយត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងសហការជាមួយអង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរ លោកស្នងការ បានជំរុញដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តខិតខំបំពេញនូវភារកិច្ច តួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន












