តាកែវ ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ អមដំណើរជាមួយ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញទសន្សកិច្ចសិប្បកម្មដូងតាកែវ ដើម្បីទាញយកផលប្រយោជន៍ពីទឹកដូង សាច់ដូង និងកាកសំណល់ពីផ្លែដូង មានស្រកីដូង និងត្រឡោកដូង កែច្នៃមកជាផលិតផលចំណីអាហារ និងវត្ថុប្រើប្រាស់ មួយចំនួនទៀតលក់ជូនអតិថិជន និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ នៅភូមិសាស្រ្តឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោក មាឃ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានឱ្យដឹងថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមគំនិតផ្តួច ផ្តើមរបស់លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ។
លោក បន្តថា ដោយមើលឃើញអំពីគុណតម្លៃ នៃផលិតផលផ្លែដូង និងជាការចូលរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈ ការប្រមូល ទិញផ្លែដូងទុំ និងឱកាសការងារសម្រាប់យុវជន យុវនារី សរុបប្រមាណជាង ៤០នាក់ ជាពិសេសជនពិការ ឱ្យមានជីវភាពល្អប្រសើនោះ ទើបសិប្បកម្មលោក ខិតខំរិះរកវិធីច្នៃផលិតផលពីផ្លែដូង រហូតសម្រេចបានជាសមិទ្ធផល ជាច្រើនដូចជា សាច់ដូងផលិតជានំចំណី ប្រេងដូងជាសាប៊ូ ត្រឡោកដូង មកកែច្នៃធ្វើជាគ្រឿងប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងស្រកីដូង ផលិតមកជាស្បែកជើង ទ្រនាប់ចាន ទ្រនាប់កែវ កម្រាលព្រំ និងវត្ថុជាច្រើនទៀត ទៅតាមតម្រូវការរបស់អតិថិជន។
លោក បន្ថែមថា សមិទ្ធផល ដែលបានកែច្នៃពីធម្មជាតិនេះមិនមានផលប៉ះពាល់ដល់សុខភាព ហើយបានបង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទៀតផង។
សូមជម្រាបថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៦មក ដែលផ្ដួចផ្ដើមដោយ លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សិប្បកម្មនេះបានផ្តល់អត្ថប្រយោជន៍ច្រើន ទាំងការបង្កើតឱកាសការងារក្នុងសហគមន៍ អាចរកប្រាក់ កម្រៃបន្ថែមមួយកម្រិតទៀត ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ















