ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការរង ប្រធានអង្គភាព អនុប្រធានអង្គភាព នាយការិយាល័យ នាយរងការិយាល័យ និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ។
ក្នុងឱកាសនោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចតាមមុខងារនីមួយៗក្នុងខែដំបូង នៃឆ្នាំ២០២៦ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមលើការងារសំខាន់ៗ ជាពិសេសគឺត្រៀមគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាធំៗក្នុងប្រទេសចំនួន៣ផងដែរ មានដូចជា៖ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ ការប្រកួតវាយសីពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងព្រឹត្តិការណ៍កីឡាឧបសគ្គផងដែរ។ ដោយឡែកលើសពីនេះ គឺការត្រៀមចូលរួមការប្រកួតកីឡានគរបាលអន្តរជាតិ នៅសាធារណរដ្ឋដូមីនិក នៃប៉ែកអាមេរិកឡាទីន។
ជាចុងក្រោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្ដាំផ្ញើមន្ត្រីទាំងអស់បន្តយកចិត្តទុកដាក់បំបេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ កសាងផែនការ សម្រាប់ឆ្នាំ២០២៦ ប្រតិភូកីឡានីមួយៗបន្តពង្រឹង និងយកចិត្តទុកដាក់តាមប្រភេទកីឡារៀងៗខ្លួន ដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍កីឡានានាទាំងជើងឯកថ្នាក់ជាតិ និងអន្តរជាតិ និងជាពិសេសបង្កើតកីឡាករ-កីឡាការិនីថ្នាល ដើម្បីបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំសម្រាប់អង្គភាព ក៏ដូចជាប្រទេសជាតិ៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា





