ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការ Love in Action លោក ហួត ដារ៉ាវុត កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ព្រមទាំងសហការី ជាគ្រូបង្គោល ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ សាស្រ្តាចារ្យ គ្រូនគរបាលជាតិនៃបណ្ឌិត្យ សភានគរបាលកម្ពុជា នាសាលសន្និសីទ -ព្រះរាម(អគារប្រពៃណី ក – A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូអង្គការ Love in Action ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលដល់គ្រូបង្គោលនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាក់ស្តែង នៅថ្ងៃនេះបានបើកវគ្គថ្មីបន្ថែមទៀត ស្ដីពីជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» ដែលនឹងប្រព្រឹត្តទៅរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក អង្គការ Love in Action បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន២ លើជំនាញ «សង្គ្រោះជិវិតបឋម» និងជំនាញ «ឆ្លើយតបការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍» ដល់ក្រុមគ្រូបង្គោលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានផ្តល់នូវសម្ភារៈហ្វឹកហាត់មួយចំនួន រួមមាន៖ ឧបករណ៍សម្ភារៈសម្រាប់សង្គ្រោះជីវិតចំនួន១ឈុត ម៉ាស៊ីនម៉ូទ័រចំនួន២គ្រឿង ហ្វ្រង់ការសែងអ្នកជំងឺចំនួន២ ម៉ានីកាំងសម្រាប់ធ្វើCPR ចំនួន៥ សម្ភារៈជួយសង្គ្រោះជីវិតចំនួន២កេស និងសម្ភារៈជួយសង្គ្រោះអ្នករបួសនិងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត។

ដោយឡែក ចំពោះបេសកកម្មកន្លងមក អង្គការ Love In Action បាននាំយកនូវសម្ភារៈវេជ្ជសាស្ត្រ ផ្គត់ផ្គង់មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជានិងមន្ទីរពេទ្យភូមិភាគ៥ ខេត្តបាត់ដំបង (ពេទ្យពពី – Po PI Hospital) ហើយបានឧបត្ថម្ភជូនដល់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ផងដែរ។

ជាពិសេសទៅទៀត ដើម្បីចូលរួមសហការក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា អង្គការ Love In Action បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផងដែរ ដែលបានធ្វើការលើផ្នែកសុវត្ថិភាពចរាចរណ៍ ក្នុងការបង្កើតច្បាប់ គោលនយោបាយ និងអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅ ឱ្យយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងផលប៉ះពាល់ផ្សេងៗ នៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុត។

ជាក់ស្តែង ថ្មីៗនេះ អង្គការ Love in Action បានផ្តល់ឧបករណ៍សង្គ្រោះដល់បណ្ឌិត្យសភាបន្ថែមទៀត ដែលកំពុងតែរៀបចំនីតិវិធីផ្លូវច្បាប់ ដឹកជញ្ជូនពីសហរដ្ឋអាមេរិក មកកម្ពុជាផងដែរ។ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបានថ្លែងដោយមានជំនឿជឿជាក់ថា ជំនាញដែលកំពុងបណ្តុះបណ្តាលនេះនឹងបង្កើនសមត្ថភាពដល់គ្រូបង្គោលបណ្ឌិត្យសភានគរបាលកម្ពុជា លើជំនាញចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់និស្សិតនិងសិក្ខាកាមនគរបាលចរាចរណ៍ទាំងអស់ ដែលមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា និងនៅតាមសាលានគរបាលជាតិភូមិភាគនានា ទាំងពេលបច្ចុប្បន្ននិងទៅអនាគត៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.