ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ឯកឧត្តម អង មង្គល និង ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពង្រឹងអភិបាលកិច្ចនិងប្រព័ន្ធសវនកម្មផ្ទៃក្នុង-អធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាអគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងមន្ត្រីជំនាញជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានមានប្រសាសន៍ស្វាគមន៍ បង្ហាញពីគោលបំណងនៃការបង្កើតអនុគណៈកម្មការចំណុះឱ្យគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ និងតួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់អនុប្រធាន ព្រមទាំងសមាជិកនៃអនុគណៈកម្មទាំងអស់ចូលរួមជាមតិយោបល់ ដើម្បីជាធាតុចូលក្នុងការរៀបចំ និងផ្តល់ជាអនុសាសន៍អំពីគោលនយោបាយ វិធានការ និងយន្តការអភិបាលកិច្ចល្អសម្រាប់អង្គភាពដែលមានកងកម្លាំងនគរបាលជាតិ និងមានវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈម សំដៅបង្កើនប្រសិទ្ធភាពការងារ ពង្រឹងគណនេយ្យភាព សុចរិតភាព និងការគ្រប់គ្រងការអនុវត្តការងារ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមសហប្រធាន ឯកឧត្តមអនុប្រធាន និងឯកឧត្តមជាសមាជិកទាំងអស់បានផ្តល់នូវមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់នេះ ដើម្បីឱ្យអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ អាចរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច និងសមត្ថភាពស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













