ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរ បានធ្វើឱ្យអ្នកវិនិយោគជាច្រើនសម្រេចចិត្តមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។
ការលើកឡើងយ៉ាងដូច្នេះ នាឱកាសដែល ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី ក្នុងវត្តអង្គតាប្រាក់ ដែលស្ថិតនៅភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួចដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានថ្លែងនូវការកោតសរសើរចំពោះសាមគ្គីភាពរបស់ពុទ្ធបរិស័ទដែលបានកសាងសមិទ្ធផលដ៏វិសេសវិសាលនេះ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ សមិទ្ធផលព្រះវិហារថ្មីដ៏ស្កឹមស្កៃក្នុងវត្តអង្គតាប្រាក់នាថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព បើគ្មានសន្តិភាពទេ យើងក៏គ្មានឱកាសមកជួបជុំគ្នាធ្វើបុណ្យទាន កសាងវត្តអារាម ឬអភិវឌ្ឍភូមិឃុំយើងឱ្យរីកចម្រើនដូចសព្វថ្ងៃនេះដែរ។
ក្រៅពីការលើកឡើងពីវិស័យសាសនា និងសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឆ្លៀតឱកាសអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន អំពីការគ្រប់គ្រងកាកសំណល់ និងសំរាមមិនមែនជាតួនាទីរបស់អាជ្ញាធរតែម្នាក់ឯងនោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមប្រភេទ និងតាមទីកន្លែងដែលបានកំណត់។ឯកឧត្តមបានផ្ដាំផ្ញើថា វត្តអារាមគឺជាទីសក្ការៈ ដូច្នេះត្រូវរួមគ្នាថែរក្សាអនាម័យឱ្យបានស្អាតជានិច្ច ដើម្បីទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចរឱ្យមកកម្សាន្ត និងធ្វើបុណ្យទានកាន់តែច្រើន។
ឯកឧត្តមបានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព ត្រូវប្រញាប់រួសរាន់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានគ្រប់ៗគ្នា ដើម្បីធានានូវសិទ្ធិ និងប្រយោជន៍ស្របច្បាប់ក្នុងការទទួលសេវាផ្សេងៗ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមានការ ពង្រីកវិសាលភាពក្រុងច្បារមន ឱ្យកាន់តែធំទូលាយ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃដង់ស៊ីតេប្រជាជន និងការរៀបចំសណ្តាប់ធ្នាប់នគរូបនីយកម្មឱ្យមានសោភ័ណភាពស័ក្តិសមជាបេះដូងនៃខេត្ត។
ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូ និងធ្វើពិធីបញ្ចុះខណ្ឌសីមាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងបានប្រគល់បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់វត្តអារាម និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។
សូមបញ្ជាក់ផងដែរថាសមិទ្ធផលទាំងអស់ក្នុងវត្តរួមមាន៖ ព្រះវិហារ សាលាឆាន់ថ្ម ១ខ្នង កុដិ ថ្ម២ រោងទទួលភ្ញៀវ១ខ្នង បន្ទប់ទឹក៤ខ្នង ១៨បន្ទប់ របងវត្ត ខ្លោងទ្វា៣ ស្រះទឹក២ ចាក់ដីបំពេញទីធ្លាវត្ត តបណ្តាញអគ្គិសនីបង្គោលភ្លើង សូឡា រូបសំណាកសម្តេចព្រះសង្ឃរាជ ជួនណាត រូបព្រហ្មមុខបួន និង រូបឆ្នាំទាំង១២ ដែលបានចំណាយថវិកាសរុប ៤៦៥,៤៧៩$ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺឬ













