ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្រើនរំលឹកមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក បន្តយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានា របស់ប្រជាពលរដ្ឋ

កណ្តាល ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែកមរាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម នូ សាខន ក៏បានក្រើនរំលឹកដល់បណ្ដាលមន្ទីរអង្គភាពនានាក្នុងខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវតែបន្តយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

ទន្ទឹមនិងនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ ដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលទើបទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ក្នុងការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ក្នុងការប្រឡងប្រណាំងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា លទ្ធផលដែលទទួលបាននេះ គឺពិតជាធ្វើឱ្យខេត្តកណ្ដាលមានមោទនភាពយ៉ាងខ្លាំង ដែលសបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានខិតខំដោះស្រាយបណ្ដឹងនានា និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

បន្ថែមពីលើកនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាពចកចេញចូលតែមួយខេត្ត ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការដោះស្រាយបណ្ដឹង និងការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើថែមទៀតផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.