ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តយុទ្ធនាការរំដោះដីចំណីផ្លូវថា ដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឡើយ ពោលគឺត្រូវរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ។
ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល និងពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ២,០០០ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ ព្រមទាំងស្ថាបនាសំណង់សិល្បការ្យ ចាប់ពីគីឡូម៉ែត្រ ២៩៩+៩៥០ ដល់ ៣០១+៩៥០ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។
គម្រោងនេះក៏រួមមានការស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវ ដោយដាក់លូមូលមុខកាត់ ១ ម៉ែត្រ និងអណ្ដូងលូបេតុងសរសៃដែកទំហំ ១,៦ ម៉ែត្រ ចំនួន ៦០ កន្លែង ប្រវែងសរុប ១,៥០០ ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ ២៩៨+៧០០ ដល់ ៣០០+២០០ ខាងស្ដាំផ្លូវជាតិលេខ៥។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្ទីរសាធារណការ និងមន្ទីរដែនដី សហការចុះវាស់វែងកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការរំលោភបំពាន និងរៀបចំអភិវឌ្ឍន៍បន្ថែមនាពេលអនាគត ដូចជា ដាំដើមឈើ រៀបចំផ្លូវថ្មើជើង ផ្លូវជិះកង់ និងបំពាក់ភ្លើងបំភ្លឺផ្លូវ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានរំលេចថា ការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើសំណង់ដែលសង់រំលោភដីសាធារណៈ គឺដើម្បីបើកផ្លូវឱ្យបានធំទូលាយ លើកកម្ពស់សោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងបម្រើផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង












