ព័ត៌មានជាតិ

ឯកឧត្តម សរ សិទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ”លើកទី២ ឆ្នាំ២០២៥

ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី ២ សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បើក” ការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា”លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ថ្លែងក្នុងនាមតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម សរ សិទ្ធិ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមជាអធិបតីក្នុងពិធី “បើក” ការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ប្រចាំឆ្នាំ២០២៥ ដែលត្រូវលើកមកធ្វើនៅដើមឆ្នាំ២០២៦នេះ ជាមួយ ឯកឧត្តមលោកជំទាវ លោក លោកស្រី និងបងប្អូនទាំងអស់នៅទីនេះ ។

នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមធ្វើឱ្យពិធីនេះកាន់តែមានភាពអធិកអធមក្រៃលែង។

ឯកឧត្តមប្រធានគណៈអធិបតី មានប្រសាសន៍បន្ថែមទៀតថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ប្រចាំឆ្នាំ២០២៥ នេះឡើងក្នុងគោលបំណងសម្រួចទិសដៅបច្ចេកទេស ក្នុងការជ្រើសរើសអត្តពលិកឆ្នើម មកធ្វើការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកីឡាទូក ប្រចាំឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេស ត្រៀមខ្លួនចូលរួមការប្រកួតកីឡាអាស៊ីហ្គេម(Asian Games)ឆ្នាំ២០២៦ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា ជាការពិតព្រឹត្តិការណ៍កីឡាមិនមែនមានត្រឹមតែការប្រកួតមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ឱកាស ក្នុងការទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិយើង ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងប្រតិភូកីឡា មកពីគ្រប់បណ្តាប្រទេស ឬក៏បណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលបានអញ្ជើញមកចូលរួមការប្រកួតផងដែរ ។

ឆ្លៀតឱកាសដ៏វិសេសសាលនេះ ឯកឧត្តម សរ សិទ្ធិ បានអំពាវនាវ ឱ្យមានចលនាចូលរួមឧបត្ថម្ភ គាំទ្រដល់ប្រភេទកីឡាប្រណាំងទូក ដែលជាកេរមរតកវប្បធម៌ខ្មែរ និងជាកីឡាប្រពៃណី ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍ ដើម្បីឱ្យប្រភេទកីឡាមួយនេះ មានការរីកចម្រើនបន្ថែមទៀត។ បន្ថែមលើសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកម្ពស់ សុខុមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងសូមស្នើដល់គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកទាំងអស់ សូមអនុវត្តការងារប្រកបដោយតម្លាភាព ឈរលើក្រមសីលធម៌ វិជ្ជាជីវៈ និងមានភាពយុត្តិធម៌។

ឯកឧត្តមអនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ជម្រាបជូនអង្គពិធីផងដែរថា ព្រះរាជាណាចក្រកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០៣១ខាងមុខ។ ហេតុនេះ ហើយការបំផុសស្មារតី ដល់យុវជន ឱ្យងាកមកចាប់អារម្មណ៍ការលេងកីឡា គឺពិតជាមានសារសំខាន់ណាស់ សម្រាប់យុវជនរបស់យើងក្នុងការត្រៀមខ្លួន និងពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ នាពេលខាងមុខនេះ។

ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ វិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ពិតជាកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក៏ដូចជាការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជននានា បានធ្វើឱ្យអត្តពលិក មានទឹកចិត្តខិតខំហ្វឹកហាត់ និងចូលរួមក្នុងការប្រកួតប្រជែងកាន់តែមានសន្ទុះខ្លាំងក្លាជាងមុន។

ជាមួយគ្នានេះផងដែរ ដូចដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី បានជ្រាបហើយ បច្ចុប្បន្នរាជរដ្ឋាភិបាល មិនត្រឹមតែបានផ្តល់ការយកចិត្តទុកដាក់ ផ្តល់នូវគុណតម្លៃ និងការគាំទ្រដល់វិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងបានឧបត្ថម្ភលើកទឹកចិត្តដល់អត្តពលិកជាបន្តបន្ទាប់ទាំងការប្រកួតក្នុងកម្រិតជាតិតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះដែរ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ដោយផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកីឡាករ កីឡាការិនី មានការរីកចម្រើនទាំងគុណភាព និងគុណផល ជាពិសេស មានឱកាសបានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍លក្ខណៈអន្តរជាតិនានា កាន់តែច្រើនជាងមុន និងទទួលបានមេដាយជាបន្តបន្ទាប់។

ជាចុងក្រោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ៖

១-រដ្ឋបាលខេត្តស្វាយរៀង ដែលបានសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ប្រចាំឆ្នាំ២០២៥ នេះឡើង។

២-ក្រសួងអប់រំ យុវជន និងកីឡា ដែលឧបត្ថម្ភថវិកាគ្រាំទ្រប្រចាំឆ្នាំ មកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្រាប់ទ្រទ្រង់សហព័ន្ធប្រចាំឆ្នាំ ។

៣- ក្រុមហ៊ុន Media G.B Enterprise Co.,Ltd.៤- មន្ទីរពាក់ព័ន្ធទាំងអស់ស្ថិតក្នុងខេត្តស្វាយរៀង ដែលបានផ្តល់កិច្ចសហការល្អ ក្នុងកម្មវិធី។

៥- សមាគមកីឡាប្រណាំងទូក តាមបណ្តាក្រសួង រាជធានី-ខេត្ត ដែលបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មកចូលរួមការប្រកួត ធ្វើឱ្យកម្មវិធីប្រកួតនេះ ដំណើរការទៅដោយរលូន។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា”លើកទី២ ឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទន្លវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ព្រឹត្តិការណ៍នេះ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ -កីឡាការិនីទូក ចូលរួមសរុបចំនួន៨១៩រូប មកពីក្រសួង និងសមាគមកីឡាទូកចំនួន២២ រាជធានី-ខេត្ត។

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដាក់វិញ្ញាសាសរុបចំនួន៨ប្រភេទទៅក្នុងការប្រកួតនេះ មានជាអាទិ៍៖

-ទូក ង ផ្នែកបុរស ២២នាក់ ចម្ងាយ៨០០ម៉ែត្រ

-ទូកនាគផ្នែកបុរស ១២នាក់ ចម្ងាយ៨០០ម៉ែត្រ

-ទូកនាគផ្នែកបុរស ១២នាក់ ចម្ងាយ ២០០ម៉ែត្រ

-ទូកផ្កាចារ ផ្នែកនារី ៥នាក់ ចម្ងាយ ២០០ម៉ែត្រ

-ទូកផ្កាចារ ផ្នែកបុរស ៥នាក់ ចម្ងាយ២០០ម៉ែត្រ

-វិញ្ញាសាទូកកានូផ្នែកបុរស ចម្ងាយ២០០ម៉ែត្រ

-ទូករ៉ូអ៊ីង ផ្នែកបុរស ចម្ងាយ៨០០ម៉ែត្រ

-ទូកកាយ៉ាក់ ចម្ងាយ២០០ម៉ែត្រ។

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.