ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់គ្រប់តួអង្គពាក់ព័ន្ធជុំវិញខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត ប្រធានរតនាគារខេត្ត អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវម្ចាស់ការក្នុងការរៀបចំរបាយការណ៍ចំណូល ចំណាយប្រចាំខែ ប្រចាំត្រីមាស ប្រចាំត្រីមាស និងប្រចាំឆ្នាំ រួមទាំងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធីប្រចាំឆមាស និងប្រចាំឆ្នាំ និងផ្ញើរមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងផ្ញើរទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលាកំណត់ ដូចមានចែងក្នុងសារាចរណែនាំនេះជាធរមាន។
ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវប្រើប្រាស់នូវចំណេះដឹង សមត្ថភាព គួបផ្សំនឹងបទពិសោធន៍ការងារ ដើម្បីធានាឱ្យប្រាកដថា ការអនុវត្តថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នេះអាចសម្រេចបានសមិទ្ធិផលតាម គោលដៅសូចនាករដែលបានកំណត់៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ












