ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីបូកសរុបលទ្ធផលបទអន្ដរាគមន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតនារសៀលថ្ងៃដដែលនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាព ចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើ ដំណោះស្រាយនានា ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ឯកឧត្តម បានណែនាំ ឱ្យបន្តអញ្ជើញវាគ្មិនសំខាន់ៗ និងជ្រើសរើសប្រធានបទល្អៗ សម្រាប់សន្និបាតឆ្នាំបន្តបន្ទាប់ទៀត។

នាឱកាសបូកសរុបលទ្ធផលសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការតម្រង់ទិសបន្ថែមជូនអង្គសន្និបាត លើប្រធានបទពាក់ព័ន្ធ ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ការបង្ការ ទប់ស្កាត់និងការបង្ក្រាបក្រុមក្មេងទំនើង ការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់ឯកសារអត្ដសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ការគ្រប់គ្រងវត្ដមានជនបរទេសនៅកម្ពុជា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងយុទ្ធសាស្ត្រអភិវឌ្ឍតាមតំបន់ជាប់ព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការតម្រង់ទិស បន្ថែមជូនអង្គសន្និបាត លើការងារពាក់ព័ន្ធការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម ការលើកកម្ពស់ស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ក្នុងគ្រាអាសន្ន ការសម្រុះសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ការគ្រប់គ្រងនិងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នឹងនៅរសៀលនេះ៕

bvt

Leave a Reply

Your email address will not be published.