ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ទសវត្សកន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពពេញផ្ទៃប្រទេស និងស្ថេរភាពនយោបាយដ៏រឹងមាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកអគ្គមគ្គុទេសក៍ឯក និងជាប្រតិបត្តិករ នៃនយោបាយ ឈ្នះ! ឈ្នះ! រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។
ក្នុងបទអន្តរគមន៍នេះដែរ លោកជំទាវ អភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច បានប្តេជ្ញា ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពង់ខ្ពស់ប្រកបដោយសីលធម៌ល្អ និងបរិយាបន្ន ក្នុងនោះ “ស្រ្តីគឺជាស្នូល” និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ ដើម្បីមានភាពជាអ្នកដឹកនាំទទួលបានជោគជ័យទាំងស្រ្តីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ការចូលរួមពេញលេញ ក្នុងវិស័យនយោបាយសេដ្ឋកិច្ច និងសង្គម ក្នុងន័យនេះ ដើម្បីសម្រេចបាននូវបេសកកម្មនេះ បានដោយជោគជ័យ លុះត្រាតែស្រ្តីមានឱកាសស្មើៗគ្នា ទាំងនៅក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។ អ្វីដែលកម្ពុជាបានកំពុងអភិវឌ្ឍន៍ ឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់របស់យើង ចំពោះការប្តេជ្ញាចិត្តថ្នាក់តំបន់ និងសកល លើសមភាព យេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី និងលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្រ្តី ជាពិសេសស្រ្តីនៅថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីលើកកម្ពស់ស្រ្តីនៅថ្នាក់មូលដ្ឋាន យើងត្រូវពិនិត្យទិដ្ឋភាពទូទៅ ចំពោះស្រ្តីនៅក្នុងវិស័យរដ្ឋ និងនយោបាយជាង៥០% ដូច្នេះបើយើងចូលរួមលើកទឹកចិត្តដល់ស្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវមានចិត្តទូលាយ ត្រូវផ្តល់ទំនុកចិត្តទាំងការគ្រប់គ្រង និងមានសិទ្ធការសម្រេចចិត្ត ក្នុងការដឹកនាំនឹងត្រូវទទួលស្គាល់ថា ស្រ្តីនៅមូលដ្ឋាន ក៏មានឆន្ទៈនយោបាយខ្លាំង ទាំងការអនុវត្តផ្ទាល់នៅមូលដ្ឋាន និងការងារទំនាក់ទំនងការទូត “បុរសអាចធ្វើអ្វីបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា” ប៉ុន្តែស្រ្តីអាចធ្វើបានលើសពីបុរស គឺនៅចំណុចតូចៗជាច្រើន បន្ទាប់សន្សំដែល បុរសធ្វើមិនបាន ប៉ុន្តែចរឹកស្រ្តីពីកំណើតតែម្តងគឺ៖ ស្រ្តីក្រៅពីការងារ អ្នកដឹកនាំ អ្នកនយោបាយ ស្រ្តីជាមេផ្ទះ ជាម្តាយ ជាបង្គោលឆ្អឹងខ្នងដ៏សំខាន់របស់ក្រុមគ្រួសារ មិនអាចខ្វះបាន។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





