ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ។
ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ នានាចំណុះអគ្គនាយកដ្ឋាន ជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងពិធី ប្រកាសសមាជិកថ្មីចំនួន ៩រូប បន្ថែមទៀត និងសូមថ្លែងអំណរគុណដល់សមាជិក សមាជិកា គ.គ.ម ដែលបានអនុវត្តការងារកន្លងហើយ និងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គស្នងការ ប្រធាននាយកដ្ឋាន អស់លោកទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី ប្រកាសសមាសភាពថ្មីចំនួន ៩រូបបន្ថែមក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃនៅពេលនេះ។
ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល សម្រេចបាន របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នាពេលកន្លងមក និងសូមសម្តែង នូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងអស់ នឹងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ច សម្រេចបានជោគជ័យថ្មីៗ ជូនជាតិមាតុភូមិ ព្រមទាំងអនុវត្តតាមទិសដៅ និងគោលកាណ៍ណែនាំនានាដែល ក្រសួងមហាផ្ទៃប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការបានផ្តល់អនុសាសន៍ ណែនាំនូវកិច្ចការសំខាន់ៗដែលត្រូវអនុវត្តបន្តមួយចំនួនដូចខាងក្រោម៖
១-ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ ក្រសួងពាក់ព័ន្ធ និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ឲ្យបានល្អប្រសើរ។
២-ត្រូវបន្តចូលរួមកិច្ចប្រជុំ និងសិក្ខាសាលា ស្តីអំពីគ្រោះមហន្តរាយក្នុងប្រទេស និងក្នុង តំបន់អាស៊ាន។
៣-ត្រូវបន្តចូលរួមសកម្មភាពសមយុទ្ធដើម្បីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដូច ជាសមយុទ្ធ TTX,FTX និងCPX។
៤-ត្រូវធ្វើផែនការដើម្បីកាត់បន្ថយគ្រោះមហន្តរាយ។
៥-ត្រូវតាមដានដោយយកចិត្តទុកដាក់ លើការបម្រែបម្រួលអាកាសធាតុ និងសកម្មភាពផ្សេងៗ ដែលទាក់ទងនឹងគ្រោះមហន្តរាយ។
៦-ត្រូវជំរុញគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ឱ្យចេះធ្វើការផ្សព្វផ្សាយ និងណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នគ្រោះទឹកជំនន់ អគ្គិភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់-ល-។
៧-ត្រូវបន្តសហការ តាមដានសកម្មភាព និងរបាយការណ៍ពាក់ព័ន្ធ នៅតាមបណ្តា រាជាធានី-ខេត្ត ដែលមានគ្រោះមហន្តរាយ។
៨-ត្រូវអនុវត្តតាមផែនការយុទ្ធសាស្ត្រ ២០២៦-២០២៨ របស់លេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយក្រសួងមហាផ្ទៃ ឱ្យបានល្អប្រសើរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





