រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសន្តិសុខ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារសុខភាព ការងារសំណង់ និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម ឆែម សាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ បែងចែកចំណាត់ថ្នាក់ជនជាប់ឃុំឱ្យស្របតាមនីតិវិធី និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ





