ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន និង​ ឯកឧត្តម​ ប៉ោ​ ភក្តិ​ អញ្ជើញជាសហប្រធាន​ បន្តដឹកនាំកិច្ចប្រជុំអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា​ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ​ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការច្បាប់​ ព្រមជាមួយ​ ឯកឧត្តម​ ប៉ោ​ ភក្តិ​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន​ បន្តដឹកនាំកិច្ចប្រជុំអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា​ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ មានចែងក្នុងសេចក្តីសម្រេចលេខ ៧៤ សសរ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ក្នុងកិច្ចប្រជុំនេះផងដែរ មានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋាន ដែលមកពីបណ្តាអន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ដែលជា សមាជិក សមាជិកា នៃក្រុមការងារប្រមាណ៣៦រូបផងដែរ។

សូមបញ្ជាក់ជូនថា សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់អតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ តាមរយៈថ្នាលទិន្នន័យរបស់អតីតមន្រ្តីរាជការដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលហៅកាត់ថា “ថ.ទ.អ.ម.ប.” ដើម្បីធានាអនុវត្តត្រឹមត្រូវស្របច្បាប់ជាពិសេសការការពារទិន្នន័យឯកជនភាពរបស់បុគ្គលនីមួយៗ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.