ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបន្តដឹកនាំរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពធ្វេីបទអន្តរាគមន៍នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដោយយកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ជំរុញកំណើនសេដ្ឋកិច្ច ការដោះស្រាយសេវាសង្គម និងសង្គមកិច្ច ដេីម្បីប្រមូលធាតុចូលសម្រាប់ជាយន្តការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប។
ការលើកឡើងយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី នៅក្នុងបទអន្តរាគមន៍នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ។
បទអន្តរាគមន៍នៃអង្គសន្និបាតនេះ បានប្រមូលធាតុចូលសំខាន់ៗ រួមមាន៖
-រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពត្រូវបន្តក្តាប់សភាពការណ៍ទូទៅ ការងារសន្តិសុខផ្ទៃក្នុង និងការងារភេរវរកម្ម បង្កើតក្រុមការងារប្រចាំការ (Hotline) ត្រៀមកម្លាំងអន្តរាគមន៍ទាន់ពេលវេលា បន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ពិសេសបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងតាមទីតាំងរស់នៅប្រមូលផ្តុំ ។ -ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ និងដីទ្រព្យសម្បតិ្តរដ្ឋឱ្យបានឆាប់រហ័សស្របពេលដែលកំពុងយុទ្ធនាការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាល ខេត្ត មន្ទីរអង្គភាព ក្រុង ស្រុក និងឃុំ សង្កាត់
-បន្តសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីចុះបញ្ជីនិងបោះបង្គោលកំណត់ព្រំបុរាណដ្ឋាន និងដោះស្រាយស្របតាមស្មារតីលិខិតលេខ៤២០ដនស/អសដត ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-ត្រូវបន្តទប់ស្កាត់សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងបន្តចូលរួមជាមួយគណៈកម្មការតម្រង់ទិសថ្នាក់ជាតិ និងអាជ្ញាធរជាតិអប្សារា ក្នុងការរៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
-ការពង្រឹងការគ្រប់ធនធានហិរញ្ញវត្ថុប្រកដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
-ពង្រឹងដល់ការអនុវត្តការងារសេវាសង្គម សុខភាពអប់រំ ជាពិសេសការរៀបចំមត្តេយ្យសហគមន៍បន្ថែមទៀត
-ការបន្តពង្រឹងបន្ថែមការងារសុខាភិបាលទាំងជំងឺឆ្លង និងជំងឺមិនឆ្លង
-ការផ្តល់សេវាគម្រូលេីវិស័យសុខាភិបាល និងវិស័យអប់រំ
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប





