ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតី បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣ ដោយមានការនិមន្តចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជា ព្រះមេគណខេត្តបន្ទាយមានជ័យ គណៈធម្មយុត្តិកនិកាយ ព្រះមន្រ្តីសង្ឃសាលាគណខេត្តក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ អភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ គណៈអ៊ីម៉ាំខេត្ត គណៈកម្មការគ្រីស្ទបរិស័ទខេត្ត ដែលប្រារព្ធធ្វើនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនា បានឱ្យដឹងថា ពិធីជួបជុំដែលប្រារព្ធធ្វើនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួន រហូតមកទល់បច្ចុប្បន្ននេះ។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងធម្មការនិងសាសនា បាននិងកំពុងរៀបចំបង្កើតសមាគមអាចារ្យឡើងវិញ និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស អាចារ្យ អាចារិនីខ្មែរឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ប្រពៃណីរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀសវិបត្តិអាចារ្យក្នុងកម្ពុជា។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ថា សាសនាជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះជាអត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរបស់មនុស្ស នៅក្នុងសង្គមនីមួយៗ ធ្វើឱ្យផ្នត់គំនិត ឥរិយាបថ សកម្មភាពមនុស្សមានភាពសមរម្យ និងមានលក្ខណៈប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ដេីម្បីចូលរួមចំណែកលេីកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រេីនឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាចារ្យ អាចារិនីទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនា ខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្សពួក និងរើសអើងវណ្ណៈសង្គម ធ្វើយ៉ាងណាកុំឱ្យមានអធិករណ៍កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេសព្រះសង្ឃ ពុទ្ធបរិស័ទ រួបរួមសាមគ្គីគ្នា កសាងសង្គមជាតិ ជួយអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ឱ្យបានថ្កុំថ្កើងរុងរឿង ចៀសវាងការប្រកាន់បក្សពួក អាចធ្វើឱ្យបាត់បង់ជំនឿ និងធ្វើឱ្យអាប់ឱនដល់តម្លៃព្រះពុទ្ធសាសនា៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





