ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ តំណាងអគ្គនាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ លោក លោកស្រី និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រេីនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបនៃអង្គសន្និបាត ក៏ដូចជាជម្រាបជូននូវបទអន្តរាគមន៍សំខាន់ៗដែលបានធ្វើឡើងដោយប្រធាននាយកដ្ឋាន/ស្ថានីយ៍ ចំនុះអោយអគ្គនាយកដ្ឋាន ជូនឯកឧត្តម រដ្ឋលេខាធិការ ប្រធានគណៈអធិបតី និងអង្គសន្និបាតជ្រាប ព្រមទាំងលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ខាងមុខ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ថ្លែងក្នុងពិធីប្រកាសបិទសន្និបាតខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ជាពិសេសការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើនក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ដូចជាការបន្តនិរន្តរភាព និងប្រសិទ្ធភាពក្នុងការដឹកនាំ និងគ្រប់គ្រងការងារបច្ចេកវិទ្យាឌីជីថល ក្របខណ្ឌក្រសួងមហាផ្ទៃ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលបានចូលរួមយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ប្រឈមទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ន ឯកឧត្តម ពិតជាមានមោទនៈភាព ដោយបានកត់សម្គាល់ឃើញសមត្ថភាព និងលទ្ធភាពរបស់មន្ត្រីយើងអភិវឌ្ឍបាននូវកម្មវិធីមួយចំនួន (Software & Apps) ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ក្រសួង ដូចជាការបង្កើតកម្មវិធីគ្រប់គ្រងឯកសារ កម្មវិធីគ្រប់គ្រងវត្តមានមន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមុខសញ្ញាបម្រើឱ្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីនវានុវត្តន៍ក្នុងអង្គភាព។
ឯកឧត្តម ក៏សូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ សំដៅធានាថាក្នុងពេលវេលាសមស្របអង្គភាពទាំងមូលរបស់អគ្គនាយកដ្ឋាន មានលទ្ធភាពក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗថែមទៀតដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីប្រើប្រាស់ក្នុងកិច្ចការផ្តល់សេវាសាធារណៈ និងកិច្ចការចាំបាច់នានារបស់ក្រសួងមហាផ្ទៃតាមការវិវត្តជាក់ស្តែងនៃយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡេីងបន្ថែមទៀត ក៏ដាក់ចេញនូវការណែនាំនិងទិសដៅការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ការងារសិក្សាទីតាំងសុវត្ថិភាព និងការបំពាក់ឧបករណ៍បច្ចេកទេស អគ្គនាយកដ្ឋានត្រូវយកចិត្តទុកដាក់សិក្សាស្វែងរកទីតាំងមានសុវត្ថិភាព និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ដើម្បីរៀបចំ មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ក្រសួង ដោយធានាឱ្យបាននិរន្តរភាពទិន្នន័យទោះស្ថិតក្នុង កាលៈទេសៈណាក៏ដោយ ព្រមទាំងវាយតម្លៃ និងពិនិត្យតម្រូវការបំពាក់ឧបករណ៍សម្ភារបច្ចេកទេសទំនើបទាន់សម័យដើម្បីឆ្លើយតបបានទៅតាមទំហំការងារដែលកំពុងរីកធំជាលំដាប់។
២.ការអភិវឌ្ឍបច្ចេកវិទ្យាដ្រូន (Drone) និងការកសាងធនធានបន្តវេន៖ ត្រូវផ្តោតការយកចិត្ត ទុកដាក់សិក្សា និងអភិវឌ្ឍបច្ចេកវិទ្យាជ្រួន (Drone Technology) ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យកិច្ចប្រតិបត្តិការសន្តិសុខជាតិ សង្គ្រោះបន្ទាន់ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ។ ព្រមជាមួយនេះ អគ្គនាយកដ្ឋានក៏ត្រូវយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាល និងកសាង “ធនធានបន្ត វេន” ចំពោះមុខសញ្ញាដែលមានសក្តានុពល និងមានចំណេះដឹងខ្ពស់ខាងបច្ចេកវិទ្យាដើម្បីឱ្យអគ្គនាយកដ្ឋាន មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់រក្សានិរន្តរភាពក្នុងការដឹកនាំវិស័យឌីជីថលនាពេលអនាគត ។
៣.ការពង្រឹងសមត្ថភាពមន្ត្រី និងស្នើថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលមន្ត្រីជំនាញឯកទេស ទាំងផ្នែកបច្ចេកទេសសរសេរកម្មវិធី ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងជំនាញផលិតមាតិកាឌីជីថលដែលមានទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ។
៤. ការជំរុញបរិវិត្តកម្មឌីជីថល ត្រូវបន្តរៀបចំនិងពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿនតម្លាភាពនិង កាន់តែមានប្រសិទ្ធភាព ។
៥.ការពង្រឹងសន្តិសុខឌីជីថល និងសុវត្ថិភាពទិន្នន័យ ក្នុងនាមជាសេនាធិការលើផ្នែកបច្ចេកវិទ្យា អគ្គនាយកដ្ឋានត្រូវធានាឱ្យបាននូវសុវត្ថិភាពខ្ពស់នៃប្រព័ន្ធផ្ទុកទិន្នន័យរបស់ក្រសួងដោយត្រូវមានវិធានការបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតតាមគ្រប់រូបភាព ។
៦.ការលើកកម្ពស់ការផ្សព្វផ្សាយអប់រំ និងតាមដានមតិសាធារណៈ ត្រូវបន្តផលិតមាតិកាអប់រំ មានខ្លឹមសារខ្លីៗ ងាយយល់ ងាយជ្រាបចូលទៅដល់ស្រទាប់មហាជនជាពិសេសការអប់រំអំពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់នៃគ្រឿងញៀន ល្បែងអបាយមុខផ្ទុយពីច្បាប់ និងផ្សព្វផ្សាយអំពីហានិភ័យនៃបទល្មើសបច្ចេកវិទ្យាហើយព័ត៌មានដែលយើងចេញផ្សាយ ត្រូវតែជាព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងមានភាពទាក់ទាញព្រមទាំងបន្តយកចិត្តទុកដាក់ ការចូលរួមមតិយោបល់របស់ មហាជនតាមបណ្តាញផ្សព្វផ្សាយគ្រប់ ប្រភេទ របស់ក្រសួង និងអគ្គនាយកដ្ឋាន ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យកែលម្អបើមានចំណុចខុសឆ្គង ឬធ្វើការឆ្លើយតប និងបកស្រាយបំភ្លឺចំពោះករណីមិនពិត។
៧.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងការគោរពវិន័យឱ្យបានល្អ
ឯកឧត្តម សូមលើកទឹកចិត្តឱ្យបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង រក្សាភាពថ្លៃថ្នូរ និងការគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ព្រោះថាសមិទ្ធផលធំៗដែល សម្រេចបានមិនមែនបុគ្គលណាម្នាក់នោះទេគឺកើតចេញពីការសហការគ្នាជាសមូហភាព។
ជាទីបញ្ចាប់ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈអង្គសន្និបាតថ្ងៃនេះបានបង្ហាញឱ្យឃើញសញ្ញាណជាវិជ្ជមានដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កំពុងឈានជាបណ្តើរៗទៅតាមគន្លងវិថីដ៏ត្រឹមត្រូវ ដូចមានចែងក្នុងអនុក្រឹត្យ ១០៩ អន.ក្របក ស្តីពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម បានជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ ដែលមានកន្លងមក និងការប្តេជ្ញាចិត្តរបស់អង្គសន្និបាតទាំងមូលយើងពិតជាអាចសម្រេចបានដោយជោគជ័យនូវទិសដៅការងារឆ្នាំ២០២៦ ជាក់ជាពុំខានឡើយ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





