ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ពិធីមានការចូលរួមពីលោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
គម្រោងនេះគ្របដណ្ដប់លើសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់នូវគម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ដើម្បីបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង