ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅត្រើយខាងកើតស្ទឹង ដើម្បីរៀបចំសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសអភិវឌ្ឍន៍ទីតាំងនោះ ឱ្យប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ខាងមុខ។ 

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ខេត្តពោធិ៍សាត់ យើងមានកោះសំពៅមាសជាប្រវត្តិសាស្រ្ត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃកម្ពជា និងជាប្រធានព្រឹទ្ធសភា ដែលកសាងដោយឯកឧត្តម ស៊ុយ សែម កាលនៅជារដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បច្នុប្បន្នជាអ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកជំទាវ។ 

ឯកឧត្តមបន្តថា ថ្វីត្បិតយើងមានកោះសំពៅមាស ដ៏ស្អាតផុសកណ្តាលផ្ទៃក៏ពិតមែន ក៏ប៉ុន្តែបើក្រឡេកមើល ទៅតាមច្រាំងស្ទឹងជុំវិញកោះ គឺពុំមានអនាម័យបរិស្ថានស្អាតល្អនៅឡើយទេ។ ក្នុងន័យនេះ យើងត្រូវចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមច្រាំងស្ទឹង ដើម្បីប្រែក្លាយជាសួនច្បារ មានផ្កាគ្រប់ពណ៌ចម្រុះ អមដោយអំពូលភ្លើងបំភ្លឺ ដើម្បីកែលំអរសោភណភាពក្រុងឱ្យស្រស់ស្អាត និងដើម្បីឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ អាចដើរហាត់ប្រាណ និងអង្គុយលំហែកាយ ជាពិសេសទាក់ទាញដល់អ្នកធ្វើដំណើរ ក៏ដូចភ្ញៀវទេសចរជាតិ-អន្តជាតិផងដែរ។ 

ឯកឧត្តម ខូយ រីដា បានកោតសរសើរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹងទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរុះរើសំណង់របស់ខ្លួន ទៅទីតាំងថ្មី ដែលអាជ្ញាធរបានដោះដូរជូន។ ឯឧត្តមក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋផ្សេងទៀត ដែលពុំទាន់បានរុះរើ សូមបន្តរុះរើជាបណ្តើរៗ ហើយអាជ្ញាធរនឹងត្រៀមជួយគ្រប់ពេលវេលា។ 

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះផ្សព្វផ្សាយបន្ថែម ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្ត នូវកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន សំដៅធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានការប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា រួមជាមួយក្រុមការងារ ក៏បានបន្តចុះពិនិត្យការសាងសង់លំនៅឋានថ្មី ដែលបានដោះដូរជូន ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

bvt

Leave a Reply

Your email address will not be published.