ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងឯកសារផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២(២០២៦-២០៣0) ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ខាន គ.ជ.អ.ប. ដោយាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ប្រធាន គ.ក.ស.ក លោក លោកស្រីប្រធានមន្ទីរជំនាញ លោក លោកស្រី ប្រធានក្រុមប្រឹក្សាអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ សរុប១១៥រូប ស្រី៣២រូប។
ដោយមានការគាំទ្រពីគម្រោងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ(ISD/GIZ) និងអង្គការទស្សនៈពិភពលោកអន្តរជាតិ(World Vision) សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(កជទី២) នៃកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) ពោលគឺ ដើម្បីសម្រេចគោលដៅជាក់លាក់របស់ កជទី២ គឺការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈទំនើប មានស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការអនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សា ដើម្បីធានាបាននូវការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
គូសបញ្ជាក់ផងដែរថាឆ្នាំ២០២៥នេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផអ៥ទី១ ក៏ជាឆ្នាំដែលត្រូវរៀបចំ ផអ៥ទី២ នៃ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(កជទី២)ផងដែរ។ ផអ៥ទី២(២០២៦-២០៣០) គឺជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលដៅនៃ កជទី២៕





