ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ (៦០ម៉ែត្រ) តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែក ដែលរងផលប៉ះពាល់ដោយទឹកជំនន់ឡើងហូរកាត់ផ្លូវ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរស្រុកលើកដែក ក្រុងសំពៅពូន និងមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងស្រុកលើកដែក ដែលកំពុងប្រឈមដោយទឹកជំនន់ហូរកាត់ផ្លូវ (៦០ម៉ែត្រ) តភ្ជាប់ពីក្រុងសំពៅពូនទៅស្រុកលើកដែក។ 

ដើម្បីទប់ស្កាត់នូវការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ក្រុមការងារបានប្រើប្រាស់គ្រឿងចក្រដើម្បីកាយដីលើកជាទំនប់ទប់ កុំឱ្យទឹកឡើងហូរកាត់ផ្លូវ ដែលនាំឱ្យដាច់ផ្លូវ ខូចខាតមិនអាចធ្វើដំណើរបាន។ 

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនួននេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ដោយទឹកជំនន់នៅឆ្នាំនេះមានការកើនឡើងខ្ពស់ ដូចនេះអាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង។ ពិសេសត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់មាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬទៅលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹក ឬមានឧបទ្ទវហេតុណាមួយកើតឡើងដែលយើងនឹកស្មានមិនដល់ ពិសេសត្រូវប្រយ័ត្នសត្វអសិរពិស និងត្រូវត្រៀមទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់ជូនពួកគាត់នៅពេលដែលមានការជនលិចណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រៅពីនេះអាជ្ញាធរក្រុង-ស្រុកត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់រក្សានូវអនាម័យ ហូបស្អាត ផឹកស្អាត  ដើម្បីបង្ការនូវជំងឺឆ្លងនានាក្នុងកំឡុងពេលនៃគ្រោះទឹកជំនន់នេះ។

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

bvt

Leave a Reply

Your email address will not be published.