ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ដែលបានសាងសង់រំលោភបំពានលើដីចំណីផ្លូវសាធារណៈ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់នូវទីតាំងការដ្ឋាន សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា (TELA) មួយកន្លែង ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់ពីមានការរកឃើញថា ការសាងសង់នេះបានរំលោភបំពានលើដីចំណីផ្លូវសាធារណៈ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យឃើញថា សំណង់មួយចំនួន នៃស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ពិតជាបានសាងសង់លយមកលើដីចំណីផ្លូវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសោភណភាពក្រុងពិតប្រាកដមែន។ ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តលើកទឹកចិត្តរាល់ការវិនិយោគ និងការរកស៊ីទទួលទានក្នុងខេត្ត ប៉ុន្តែរាល់ការសាងសង់ទាំងអស់ ត្រូវតែគោរពតាមច្បាប់ភូមិបាល និងច្បាប់សំណង់ជាដាច់ខាត។ យើងមិនអាចបណ្តោយឱ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ មកសាងសង់រំលោភលើទ្រព្យសម្បត្តិរដ្ឋ ឬដីចំណីផ្លូវ ដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនោះឡើយ។

ឯកឧត្តមបានបន្ថែមទៀតថា ការអនុវត្តច្បាប់ ម្ចាស់ការដ្ឋានត្រូវតែសហការជាមួយអាជ្ញាធរ ដើម្បីរុះរើផ្នែកដែលរំលោភបំពានចេញជាបន្ទាន់។ ប្រសិនបើមិនមានការកែសម្រួលតាមការណែនាំទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ ឯកឧត្តមបានដាស់តឿន សូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវតាមដានឱ្យបានដិតដល់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ឬរំលោភច្បាប់មុននឹងឈានដល់ការបង្ក្រាប។

ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានបង្គាប់ឱ្យក្រុមការងារបច្ចេកទេស ធ្វើការវាស់វែងសារជាថ្មី និងកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់ការដ្ឋានធ្វើការកែសម្រួលសំណង់របស់ខ្លួនឱ្យស្របតាមប្លង់ប្រព័ន្ធផ្លូវថ្នល់។ ចំពោះម្ចាស់ការដ្ឋានក៏បានទទួលស្គាល់កំហុសខ្វះខាត និងសន្យាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែករក្សាសណ្តាប់ធ្នាប់ក្នុងក្រុងពោធិ៍សាត់យើងទាំងអស់គ្នា។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.