នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី អេលីហ្សាបេត ប៊ីអឺមេន ដឺ ឡាន់ស៊ី (Elizabeth Biermann de Lancie) អនុប្រធានការិយាល័យកិច្ចការអន្តរជាតិប្រឆាំងគ្រឿងញៀននិងអនុវត្តច្បាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូ រួមមាន លោក បេន ចាមេនហាមមុន (Benjamin Hammond) អនុព័ន្ធការិយាល័យសន្តិសុខប្រចាំតំបន់នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជានិងសហការីជាច្រើនរូបទៀត នាបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្តែងសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូស្ថានទូតអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត ប៊ីអឺមេន ដឺ ឡាន់ស៊ី (Elizabeth Biermann de Lancie) អនុប្រធានការិយាល័យកិច្ចការអន្តរជាតិ ប្រឆាំងគ្រឿងញៀននិងអនុវត្តច្បាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាឱកាសនេះ។
ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានជម្រាបជូនលោកស្រី អេលីហ្សាបេត ប៊ីអឺមេន ដឺ ឡាន់ស៊ី ក៏ដូចជាសហការី ជ្រាបដោយសង្ខេបអំពីភារកិច្ចសំខាន់ៗចំនួន៤ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងអនុវត្តគឺ៖ ទី១- ការបណ្តុះបណ្តាលកងកម្លាំងនគរបាលគ្រប់កម្រិតនិងគ្រប់ប្រភេទ ទី២- ការងារស្រាវជ្រាវវិទ្យាសាស្ត្រ ទី៣- ការងារមន្ទីរពិសោធន៍ និងទី៤- ការងារសារមន្ទីរនគរបាលនិងពន្ធនាគារ។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជម្រាបអំពីការងារបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ ដែលមានកម្រិតបឋម មធ្យម ឧត្តម និងក្រោយឧត្តម(បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត) និងមានដៃគូសហប្រតិបត្តិការអន្តរជាតិមួយចំនួនទៀត។
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានគាំទ្រផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលខ្លីៗ ជាច្រើន។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានស្នើសុំលោកស្រី បន្តជួយគាំទ្រលើកិច្ចសហការអប់រំ បណ្តុះបណ្តាល និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយពិនិត្យលទ្ធភាពជួយផ្សារភ្ជាប់ទំនាក់ទំនងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឬលិខិតសម្តែងបំណង (LoI) រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងស្ថានប័នបណ្តុះបណ្តាលនគរបាលណាមួយនៅសហរដ្ឋអាមេរិក និងបន្តគាំទ្រផ្តល់វគ្គបណ្តុះបណ្តាលខ្លីៗ សម្រាប់គ្រូនគរបាលជាតិនិងមន្រ្តីនៃបណ្ឌិត្យសភា ក៏ដូចជាផ្តល់ឱកាសចូលរួមសិក្ខាសាលានានា ទាក់ទងនឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលរៀបចំដោយស្ថានទូតអាមេរិក៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

















