ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមទ្ធិផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្ដកម្មវិធីនេះ ដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេស ការយកចិត្ដទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាមសាលាបឋមសិក្សា។
ពិធីមានការនិមន្តពីព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្ត ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង













