ព័ត៌មានជាតិ

លោកបណ្ឌិត វីល ផាកស៍ តំណាងអង្គការ UNICEF អញ្ជើញចូលរួមធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបទពិសោធន៍នៃការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេស យូនីសេហ្វកម្ពុជា តំណាងអង្គការ UNICEF បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកអំពីវឌ្ឍនភាព និងបទពិសោធន៍សម្រេចបានពីការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រង។ ក្នុងនោះ តួនាទីរដ្ឋាភិបាលថ្នាក់ជាតិ ត្រូវបានផ្លាស់ប្តូរពីការផ្តល់សេវាផ្ទាល់ ទៅជាការតម្រង់ទិស ការកសាងសមត្ថភាព និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជំនួស។

លោកបណ្ឌិត បានបញ្ជាក់ថា បច្ចុប្បន្នមុខងារចំនួន ៥៥ ត្រូវបានផ្ទេរទៅកាន់ក្រុង ស្រុក ខណ្ឌ ខណៈការគ្រប់គ្រងសេវាសុខាភិបាល និងមណ្ឌលកុមារកំព្រា ត្រូវបានផ្ទេរទៅរាជធានី-ខេត្ត រួមទាំងការអនុវត្តមុខងារអាណត្តិទូទៅ និងមុខងារជាជម្រើសផ្សេងៗ ដែលធ្វើឱ្យធនធានហិរញ្ញវត្ថុ និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ មានការកើនឡើងជាបន្តបន្ទាប់។ ក្នុងបរិបទនេះ UNICEF បានដាក់ចេញអភិក្រមថ្មី ក្នុងការគាំទ្រដល់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ចថ្នាក់ខេត្ត ជារដ្ឋបាលថ្នាក់ក្រោមជាតិខ្ពស់បំផុត ដើម្បីឱ្យខេត្តអាចបន្តគាំទ្រ និងពង្រឹងសមត្ថភាពដល់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យអនុវត្តផែនការ និងថវិកាផ្អែកលើភស្តុតាង លទ្ធផល បរិយាបន្ន និងសមធម៌។ អភិក្រមថ្មីនេះ មានគោលបំណងជាក់លាក់ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្រេចបាននូវសិទ្ធិកុមារ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង និងអនុវត្តមុខងារសេវាសង្គមដែលបានផ្ទេរ ធានាឱ្យមានការវិភាជន៍ និងប្រើប្រាស់ថវិកា ឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី កុមារ និងយុវជន ព្រមទាំងកាត់បន្ថយឧបសគ្គក្នុងការទទួលបានសេវាសង្គម តាមរយៈការចូលរួមសហគមន៍ និងការផ្លាស់ប្តូរឥរិយាបទ។ ជាក់ស្តែង វឌ្ឍនភាពសម្រេចបាន រួមមាន ការរៀបចំផែនការ និងកម្មវិធីវិនិយោគដែលបញ្ចូលខ្លឹមសារសិទ្ធិកុមារ ការវិភាជន៍ថវិកាផ្អែកលើលិខិតណែនាំ ការពង្រឹងសមត្ថភាពគ្រប់គ្រង និងអនុវត្តមុខងារដែលបានផ្ទេរ ការអនុវត្តការគ្រប់គ្រងផ្អែកលើលទ្ធផល (RBM) និងការអនុលោមតាមគោលការណ៍ណែនាំសម្រាប់ការរៀបចំផែនការ និងថវិកា។

ជាមួយគ្នានេះ លោកបណ្ឌិត វីល បានលើកឡើងអំពីការលើកកម្ពស់អភិបាលកិច្ចបែបកុមារមេត្រី តាមរយៈកិច្ចសន្ទនាជាមួយយុវជន ការបណ្តុះបណ្តាល ការរៀបចំផែនការ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់ព័ត៌មាន និងភស្តុតាង ជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការពង្រីកកម្មវិធី។ អង្គការបានចូលរួមកសាងសមត្ថភាពលើការគ្រប់គ្រងផ្អែកលើលទ្ធផល ការអភិវឌ្ឍសម្ភារបណ្តុះបណ្តាល ការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ និងការបណ្តុះបណ្តាលបន្តដល់ថ្នាក់ខេត្ត ព្រមទាំងការអនុវត្តជាក់ស្តែង។ ក្នុងនោះ NASLA ត្រូវបានចាត់ទុកជាដៃគូសក្តានុពលក្នុងការផ្សព្វផ្សាយចំណេះដឹង និងការអនុវត្ត RBM ខណៈក្រុមនិស្សិតសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ (LKY) កំពុងសិក្សាស្រាវជ្រាវ ដើម្បីផ្តល់អនុសាសន៍សម្រាប់ការពង្រីកកម្មវិធី។ លើសពីនេះ UNICEF បានគាំទ្រការអភិវឌ្ឍប្រព័ន្ធ និងឧបករណ៍សំខាន់ៗ រួមមាន ផ្ទាំងព័ត៌មានសម្រាប់ការគ្រប់គ្រង និងតាមដានវាយតម្លៃ កម្មវិធីគាំទ្រការរៀបចំថវិកាឃុំ-សង្កាត់ ការវិភាគ និងសេចក្តីសង្ខេបថវិកា ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើភស្តុតាង។

លោកបណ្ឌិត វីល ផាកស៍ ក៏បានជម្រាបជូនអំពីការគាំទ្រមនុស្សធម៌ ចាប់តាំងពីការកើតមានជម្លោះតាមបណ្តោយព្រំដែន ដោយបានផ្តល់ជំនួយផ្នែកសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ការអប់រំ កិច្ចការពារកុមារ និងគាំពារសង្គម ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងវិស័យសុខភាព និងអាហារូបត្ថម្ភ UNICEF បានសហការជាមួយ RACHA និងមន្ទីរសុខាភិបាល ដាក់ពង្រាយក្រុមពេទ្យចល័ត ផ្តល់សេវាថែទាំស្ត្រីមានផ្ទៃពោះ ការចាក់ថ្នាំបង្ការ និងការពិនិត្យរកកុមារកង្វះអាហារូបត្ថម្ភ ព្រមទាំងអប់រំសុខភាពដល់ឪពុកម្តាយ។ ចំពោះវិស័យអប់រំ UNICEF បានបន្តគាំទ្រឱកាសរៀនទាន់ពេលដល់កុមារអាយុពី ៣ ដល់ ៥ ឆ្នាំ ដែលរងផលប៉ះពាល់ដោយជម្លោះ ដោយផ្តល់ការអប់រំក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងសម្ភារសិក្សាមូលដ្ឋាន។

ក្នុងវិស័យទឹកស្អាត និងអនាម័យ UNICEF និងដៃគូ បានដំឡើងបង្គន់ និងផ្តល់សម្ភារ WASH នៅតំបន់ភៀសសឹក ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។សម្រាប់គាំពារសង្គមនិងកិច្ចការពារកុមារ UNICEF បានគាំទ្រកម្មវិធីជំនួយសាច់ប្រាក់បណ្តោះអាសន្ន ដល់ជនភៀសសឹក ការតាមដានអ្នកទទួលផលកម្មវិធីកញ្ចប់គ្រួសារ និងការគាំទ្រកន្លែងសុវត្ថិភាពកុមារ ការគាំទ្រផ្លូវចិត្តសង្គម ការបណ្តុះបណ្តាលបុគ្គលិកជួរមុខ និងការផ្តល់សេវាគ្រប់គ្រងករណីដល់កុមារដែលងាយរងគ្រោះ ឬជួបបញ្ហាពាក់ព័ន្ធនឹងកិច្ចការពារ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.