បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មានការអញ្ជេីញចូលរួមអភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង៩ទូទាំងស្រុក ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភណភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់យេីងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដេីម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅក្នុងសហគមន៍។
គូរបញ្ជាក់ដែរថា៖ ផែនការប្រើប្រាស់ដី ឃុំឃុំទាំងពីរ មានគោលដៅ ៖ ១-ធ្វើឱ្យសម្រេចបានតាមសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយដីធ្លី, ២-ធានាបាននូវការគ្រប់គ្រង ប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ប្រកបដោយសមធម៌, ៣-ធានានូវការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាល និងរចនា សម្ព័ន្ធអភិបាលកិច្ច, ៤-ចក្ខុវិស័យនាពេលអនាគត សម្រាប់ឃុំទាំងពីរនេះក៏មានចក្ខុវិស័យនាពេលអនាគតដូចគ្នាដែរតឺ ៖ ប្រែក្លាយជាទិសដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ដែលផ្សាភ្ជាប់នឹងប្រព័ន្ធកសិកម្មចម្រុះ និងសិប្បកម្ម លក្ខណៈគ្រួសារ , ដើរតួនាទីជាកន្លែងផ្តល់សេវាកម្មចម្រុះ និងផ្គត់ផ្គង់ទិន្នផលស្រូវអង្ករទៅកាន់តំបន់ជុំវិញ, អភិវឌ្ឍន៍ទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាសាធារណៈល្អប្រសើរ, រៀបចំស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យឃុំមានការរីកចំរើនលើគ្រប់វិស័យ, គិតគូរពីតម្រូវការចាំបាច់ និងចម្បង ដើម្បីឱ្យស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនាពេលអនាគត, មានបរិស្ថានរស់នៅស្អាត វប្បធម៌រស់រវើក សុខសុវត្ថិភាព និងប្រជាពលរដ្ឋមានជីវភាពធូធារ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ













