ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី»

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» ព្រមជាមួយពិធីកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ និងកម្មវិធីផ្សេងៗនេះឡើងរហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រនិងធ្វើពិធីបិទនាពេលនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងឱ្យដឹងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ រៀបចំឡើងក្នុងគោលបំណងឱ្យអ្នកសិក្សា-ហ្វឹកហាត់ បានចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាពតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមនេះការរៀបចំនេះជាការចូលរួមលើកកម្ពស់សកម្មភាពនៃការហ្វឹកហាត់ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីបណ្តុះ បណ្តាលដល់អ្នកសិក្សា-ហ្វឹកហាត់បែបកងកម្លាំង និងជាការបណ្តុះស្មារតីស្រឡាញ់កីឡា ពង្រឹងសុខភាព រឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងយុវជននៃសាលានគរបាលជាតិទាំង៧ទីតាំង និងអង្គភាពបណ្តុះបណ្តាលដែលស្ថិតក្នុងបរិវេណនៃបណ្ឌិត្យសភាផ្ទាល់ផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ បន្ថែមថា ជាការពិតវិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការបង្កើនចំណងសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងវិញទៀត កីឡាក៏បានរួមចំណែកជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងបញ្ចៀសបាននូវការប្រព្រឹត្តអំពើខុសច្បាប់នានា នៅក្នុងសង្គមដូចជាការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តល្បែងស៊ីសង និងអំពើហិង្សាជាដើម ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមជាតិទាំងមូលផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ដើម្បីរំឭកអនុស្សាវរីយ៍ឈឺចាប់នៃការរំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជា និងកូនខ្មែរត្រូវចងចាំជានិច្ចហេីយត្រូវបន្តរួបរួមសាមគ្គីគ្នាក្រោមដំបូលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរកស្វែងរកដំណោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយនានាប្រកបដោយយុទ្ធសាស្រ្ត និងមូលដ្ឋានច្បាប់។ ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រគល់ពាន និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករជ័យលាភី ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ផងដែរ។

សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី នេះគឺមានកីឡាករ កីឡាការិនី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ដែលដំណើរការដំបូងគឺជាការស្ម័គ្រចិត្ត ដោយមានកីឡាករ កីឡាការិនីចូលរួមហ្វឹកហាត់បច្ចេកទេស មានចំនួន២៥២នាក់ នារី ១២៥នាក់។ ហើយតាមរយៈការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការ ជ្រើសរើស បាន៧២នាក់ ក្នុងនោះនារី ៣២នាក់ ដើម្បីប្រកួតជម្រុះយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដែលការប្រកួតនេះ ត្រូវបានបែងចែកជា៣ប្រភេទរួមមាន៖ ១- ការប្រកួតជាក្រុមបុរស-នារី (កីឡាករ កីឡាការិនី ចំនួន៥៦នាក់ នារី ២៤នាក់) ដោយបែកចែកជា៨ក្រុម, ២- ការប្រកួតឯកត្តជនបុរស (កីឡាករ ៨នាក់), ៣- ការប្រកួតឯកត្តជននារី (កីឡាការិនី៨នាក់)៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.