ព័ត៌មានជាតិ

ឯកឧត្តម សំរិទ្ធ ឌី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោ បាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ស្នងការខេត្ត មន្ត្រីរាជការចំណុះ សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បាននិងកំពុងបង្កការ​គំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ហើយក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលមកប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុង​ការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់។

ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ដោយម៉ឺងម៉ាត់ថា អាជ្ញាធរអធិការក្រុង ស្រុក មេប៉ុស្តិ៍ត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបង្ក្រាបទប់ស្កាត់ការឆបោកនេះឱ្យមានប្រសិទ្ធិភាពនិងតម្លាភាព ប៉ុន្តែមិនលែងឱ្យទេប្រសិនរកឃើញថាបានឃុបឃិតនិងសម្រួលឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scams online)នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានចាត់វិធានការទៅលើអធិការឬមេប៉ុស្តិ៍ណាដែលបានឃុបឃិតបង្កើតឱ្យមានស្គែម អនឡាញ (Scams online) នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយក្នុងនោះក៏មិនលើកលែងដែរចំពោះអភិបាលក្រុងស្រុកដែលខ្វះការត្រួតពិនិត្យ និងមិនរាយការណ៍ពីទីតាំងស្គែមអនឡាញនេះ។

ប្រភព៖រដ្ឋបាលខេត្តកំពង់ស្ពឺ

bvt

Leave a Reply

Your email address will not be published.