ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំពុងយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ ពីស្ថានភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត

លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើបច្ចុប្បន្នភាពជម្រាបជូនថា ស្ថានភាពរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ បានកំពុងទទួលការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំពី ក្រសួងមហាផ្ទៃ ជាពិសេស ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈក្រុមការងារ។

អ្នកនាំពាក្យ បន្ដថា គិតមកត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសានេះ លោកវរសេនីយ៍ទោ នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។ រាល់តម្រូវការសង្គ្រោះបន្ទាន់ និងការបន្តព្យាបាល លោកវរសេនីយ៍ទោ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពរបស់ក្រុមគ្រួសារលោកផ្ទាល់ គឺបានទទួលការរ៉ាប់រង ពីឯកឧត្តមអភិសន្តិបណ្ឌិត និងក្នុងនាមក្រសួងមហាផ្ទៃ រួមទាំង ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ឯកឧត្តមអភិបាលនៃគណៈអភិបាល និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ចាម។

អ្នកនាំពាក្យ បន្ថែមថា ការទទួលខុសត្រូវ មនោសញ្ចេតនា និងកាយវិការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ លើស្ថានភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីក្ដីសង្វេគ និងគោរពស្ងប់ស្ងែងក្រៃលែងចំពោះវីរភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មក្នុងនាមមន្ត្រីនគរបាលជាតិ ក្នុងភារកិច្ចរួមចំណែកជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមានសមត្ថកិច្ច ដើម្បីសម្រេចបុព្វហេតុធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន។

សូមរំលឹកថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦៕

thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.