កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជា
ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវពិនិត្យនិងដោះស្រាយបន្ទាន់នូវរាល់ចំនុចអសកម្មដែលបាននិងកំពុងកើតមានក្នុងស្ថាប័ន មន្ទីរ ជំនាញមួយចំនួន ធ្វើយ៉ាងណាបញ្ជៀសរាល់បញ្ហាដែលកើតមានឡើងរហូតទទួលទោសទណ្ឌតាមផ្លូវច្បាប់។
ការលើកឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំណូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។
ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាព និងជាអភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭកបន្ថែមទៅដល់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ លើការគ្រប់គ្រងដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសគឺល្បែងឆបោកតាមអនឡាញ(Scams online)។ទប់ស្កាត់ឱ្យបានការចរាចរគ្រឿងញៀន ក្មេងទំនើង ។ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវច្បាប់ចរាចរណ៍ ពិសេសអ្នកបើកបរដឹកម្មករ កម្មការិនីនោតាមបណ្តារោងចក្រ សហគ្រាស ដើម្បីកាតបន្ថយឱ្យមកនៅកម្រិតអប្បបរមា៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ














