កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់ សណ្តាប់ធ្នាប់ ឬការរំខានណាមួយឡើយ ។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសំណេះ សំណាល ផ្តល់ជូនឯកសណ្ឋាន និងសម្ភារការងារសន្តិសុខដល់ប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានស្ម័គ្រចិត្ត លះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជាមួយអាជ្ញាធរដែនដី ដើម្បី បង្ក្រាបរាល់បទល្មើសនានា ធ្វើឱ្យភូមិឃុំសង្កាត់របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឱ្យបានគង់វង់យូរអង្វែង ។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់កម្លាំងប្រជាការពារ ទាំងអស់ ឱ្យចូលរួមរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆាប់ៗខាង មុខនេះ ហើយឯកឧត្តមក៏បានផ្តល់ជូនកម្លាំងប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងម្នាក់ៗ ទទួលបាន ឯកសណ្ឋានប្រជាការពារ ១កំប្លេ ថវិកា ៥ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម និងសម្ភារការងារសន្តិសុខ មួយចំនួនផងដែរ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម














