បាត់ដំបង៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គណៈកម្មាធិការសាខា អនុសាខាក្រុង មន្ត្រីប្រតិបត្តិ និងមន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និងមន្ត្រីនគរបាលចរាចរណ៍សរុបចំនួន ៩៩នាក់។
ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីនឹងរលឹក ព្រមទាំងកោតសរសើរចំពោះមន្រ្តីរាជការ កងកម្លាំង មន្រ្តីប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលាដើម្បីចូលរួមយុទ្ធនាការនេះ។
ឯកឧត្តមប្រធាន បានបន្ថែមទៀតថា“យុទ្ធនាការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក កត្តាគួរធ្វើ ឬមិនធ្វើពេលប្រើប្រាស់យានយន្ត និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរទោះជិតឬឆ្ងាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍”។ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា“សុវត្ថិភាពគឺចាប់ផ្ដើមពីយើងម្នាក់ៗ ហើយក្រៅពីសុវត្ថិភាពចរាចរណ៍គឺមានជំងឺឆ្លងនានាជាច្រើនផងដែរ ។ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះ ភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា»។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមសហកាជាមួយមន្រ្តីប្រតិបត្តិសាខា និងមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំ រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាថ្ងៃនេះ។
អំឡុងពេលសកលលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិឡើងថ្លៃប្រេងឥន្ធនៈ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងដែលជិះដោយឥតគិតថ្លៃដែលផ្ដល់ជូនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ សូមបញ្ជាក់ថា គោលដៅនៃយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាថ្ងៃនេះក្រុមការងារបានបែងចែកជាក្រុមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងមានក្រុមសម្របសម្រួលសំណួរ ចម្លើយ ហើយផ្តល់រង្វាន់ជូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរត្រឹមត្រូវផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង















