កំពង់ស្ពឺ៖ សមិទ្ធផលរូបវ័ន្តជាច្រើនដែលកើតមានឡើងនៅក្នុងមូលដ្ឋានពីភូមិរហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនា បានបង្ហាញឱ្យឃើញពីសក្ខីភាពដ៏ពិតប្រាកដមួយដែលកើតចេញកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាមបច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលានិងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាក្រោមម្លប់សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សមិទ្ធផលរូបវន្តជាច្រើនត្រូវបានកសាងនៅតាមភូមិស្រុកទូទាំងប្រទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើននៃរោងចក្រសហគ្រាស។
ការអភិវឌ្ឍទាំងនេះគឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាក់ស្តែងខេត្តកំពង់ស្ពឺបច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃមានប្រមាណ១៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីជាង៣០ម៉ឺនកំពុងធ្វើការ។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះជាសក្ខីភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់មូលដ្ឋាន ហើយសមិទ្ធផលទាំងនេះក៏បាននិងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនធូរធាផងដែរ។ជាមួយនិងការរីកចម្រើនលើវិស័យអាណាចក្រ ក្រោមសុខសន្តិភាពនេះ វិស័យពុទ្ធចក្រក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលបង្ហាញឱ្យឃើញច្បាស់ថាវិស័យទាំង២នេះ ពិតជាមានទំនាក់ទំនងគ្នាល្អណាស់ ក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ពិសេសផ្ដោតសំខាន់ទៅលើការអប់រំព្រះធម៌ និងជួយបំពេញចន្លោះបន្ថែម សំដៅឆ្ពោះទៅកាន់ការកសាង សង្គមមួយប្រកបដោយធនធានមនុស្សមានបញ្ញាញាណខ្ពស់ មានក្រមសិលធម៌ មានសុជីវធម៌ គុណធម៌ មេត្តាធម៌ ដែលស្របតាមឱវាទរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើង។
ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭក និងណែនាំដល់រដ្ឋបាលស្រុកសំរោងទងផងដែរ ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយឱ្យស៊ីជម្រៅទូលំទូលាយអំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសគឺល្បែងឆបោកតាមប្រព័ន្ធអនឡាញ(Scame Online) ដែលរាជរដ្ឋាភិបាលកំពុងមានវិធានការក្តៅក្នុងការបោសសំអាតឱ្យអស់ពីកម្ពុជា។
មួយវិញទៀត ត្រូវពិនិត្យលទ្ធភាពក្នុងការជួយ កែសម្រួលផ្លូវនៅតាមភូមិ ឃុំមួយចំនួនដែលរងការខូចខាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចរាចរណ៍បានស្រួល ទោះបីមិនទាន់មានលទ្ធភាពកសាង ឬស្ថាបនាផ្លូវបេតុងជូនពួកគាត់ និងជំរុញឱ្យទឹកស្អាត អគ្គិសនី បានតភ្ជាប់ទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់។
ប្រភព៖រដ្ឋបាលខេត្តកំពង់ស្ពឺ














