ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ណែនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់១.៥ម៉ែត្រគុណ ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង ២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង ២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង ២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។

ឯកឧត្តម អភិបាលខេត្ត ណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរពតាមគោលការណ៍តម្លៃលើទីផ្សារដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។

ឆ្លៀតឱកាសនោះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍និងរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។ ឯកឧត្តម ណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវរៀបចំដាក់សូឡាបំភ្លឺផ្លូវនៅតាមទីប្រជុំជន។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានឧបត្ថម្ភសូឡាដាក់បំភ្លឺផ្លូវចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់រហូតដល់ខេត្តបន្ទាយមានជ័យ តាមរយៈ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៏ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.