ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជានារី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ និងបានអនុញ្ញាតឱ្យក្រុមការងារយេនឌ័រអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងរបាយការណ៍សង្ខេបយេនឌ័រប្រចាំឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន។

ជាកិច្ចបន្ទាប់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការជានារី ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមការងារដឹកនាំគ្រប់គ្រង និងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនរហូតសម្រេចបាននូវស្នាដៃជាច្រើនគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារយេនឌ័រ ដូចជាការពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាព ដើម្បីលើកទឹកចិត្ត ដូចជាការតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្តល់ប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសតាមលំដាប់លំដោយ។

ជាកិច្ចបញ្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់លោកជំទាវ អគ្គាធិការរង និងមន្រ្តីរាជការជានារី ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងបានជូនពរសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ប្រកបពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ អគ្គាធិការដ្ឋាន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.