ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន នៅថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា អនុប្រធានផែនការងារនគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៣ បន្ថែមទៀត ក្នុងភូមិសាស្ត្រអធិការដ្ឋាននគរបាលស្រុកកណ្តៀង គឺប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង ការចុះជួបផ្ទាល់នេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗចំនួន២ រួមមាន៖
ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ពិនិត្យលើការបង្ក្រាបបទល្មើស គ្រប់ប្រភេទ និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។ ការងារនគរបាល និងសហគមន៍ គឺពង្រឹងចំណងមិត្តភាព និងកិច្ចសហការរវាងមន្ត្រីនគរបាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ។
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យតាមប៉ុស្តិ៍គោលដៅ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបិទបញ្ចប់នៅរដ្ឋបាលសាលាស្រុកកណ្ដៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី
លោកអភិបាល និងអភិបាលរងស្រុកកណ្តៀង ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុក មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងដែលបានខិតខំបំពេញភារកិច្ច ក៏ដូចជាផ្តល់ការណែនាំបន្ថែមដល់លោកលោកស្រីមេឃុំនិងលោកមេប៉ុស្តិ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីបង្កើនទំនុកចិត្តពីសហគមន៍។ជំរុញឱ្យកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តលក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ការងារនគរបាលនិងសហគមន៍ ពង្រឹងទំនាក់ទំនងរវាងនគរបាល និងប្រជាពលរដ្ឋ ដើម្បីបង្កើនទំនុកចិត្ត។
ប្រមូលទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងជៀសវាងការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online)និងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ។ ត្រូវពង្រឹងការងារគ្រប់គ្រងមនុស្ស ការគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រប់គ្រងមធ្យោបាយ និងគ្រប់គ្រងអាជីវកម្មមុខរបរពិសេស បម្រើដល់សកម្មភាពបទល្មើស ដើរល្បាត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់ការកើតឡើងនៃបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ពង្រឹងត្រួតពិនិត្យ និងបង្ក្រាប លើបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង។
ប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានបញ្ជាក់ឱ្យដឹងថាសកម្មភាពចុះពង្រឹងការងារនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក្នុងគោលដៅធានាឱ្យបាននូវសុខសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីនៅថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់















