ព័ត៌មានជាតិ

អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលក្រុងកំពត និងក្រុងបូកគោ

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលនៃគណៈអភិបាលក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីពង្រឹងយន្តការដឹកនាំ និងជំរុញសន្ទុះការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមអនុក្រឹត្យលេខ ១៥២ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា លោក លាង រឿងសុធី ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងកំពត ឱ្យទៅកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ។ ទន្ទឹមនឹងនេះដែរ លោកស្រី ងិន ផលរ័ត្ន ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងបូកគោ ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។

ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនាពេលនេះ គឺជាការរៀបចំតាមចរន្តការងាររដ្ឋបាល ក្នុងគោលបំណងបង្កើនសមត្ថភាពដឹកនាំ ជំរុញការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ និងមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់លោក និងលោកស្រីដែលទើបទទួលបានភារកិច្ចថ្មី ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការសហការគ្នាឱ្យបានជិតស្និទ្ធ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីនាំមកនូវភាពរីកចម្រើន និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ខេត្តកំពតទាំងមូល៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.