ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ច្រាំងស្ទឹង ចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ស្ថិតនៅក្រុងពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពលំនៅដ្ឋានថ្មីរបស់ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយតាមច្រាំងស្ទឹងពោធិ៍សាត់ មករស់នៅទីតាំងថ្មីស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ការរៀបចំកែលម្អច្រាំងស្ទឹងនេះ មានគោលបំណងប្រែក្លាយតំបន់ឱ្យក្លាយជាសួនច្បារដែលមានផ្កាចម្រុះពណ៌ និងបំពាក់អំពូលភ្លើង ដើម្បីកែលម្អសោភណភាពក្រុងឱ្យស្រស់បំព្រង ព្រមទាំងបង្កើតទីតាំងសម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ និងអង្គុយលំហែកាយ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងក្នុងទីប្រជុំជនខេត្ត ឱ្យរុះរើដោយខ្លួនឯងជាបណ្តើរៗ ដើម្បីរួមចំណែករៀបចំអភិវឌ្ឍន៍ខេត្តឱ្យមានសោភណភាពល្អប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋចូលរួមថែរក្សាសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីធ្វើឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ជាយុទ្ធសាស្ត្រទាក់ទាញអ្នកដំណើរ និងភ្ញៀវទេសចរ។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់












