ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមហាជនជិត ១៤ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណតំបន់ត្រពាំងក្រម ឆ្នាំ២០២៦ ដើម្បីអភិរក្សមរតកដូនតា និងបង្ហាញស្មារតីសាមគ្គីភាពដ៏អស្ចារ្យ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទឹកដីខេត្តត្បូងឃ្មុំ ខណៈដែលតំបន់ត្រពាំងក្រម ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ បានក្លាយជាមហាសមុទ្រមនុស្សយ៉ាងកុះករ ក្នុងព្រឹត្តិការណ៍ «ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ ដែលមានអ្នកចូលរួមលើសពីការរំពឹងទុក រហូតដល់ជិត ១៤ម៉ឺននាក់។

ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃដដែលនេះ ចំនួនអ្នក​ចូលរួមសរុបមានរហូតដល់ ១៣៧,៨០០ នាក់ (ស្រី ៧៥,០០០ នាក់) ក្នុងនោះមានភ្ញៀវអន្តរជាតិ​ចំនួន ៧១៨ នាក់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០.៣៩% បើធៀបនឹងឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ១០៥,៦៧៧ នាក់។ នេះជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងតំបន់។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា «ការរៀបចំព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការកម្សាន្តសប្បាយមួយពេលនោះទេ ប៉ុន្តែវាគឺជាសកម្មភាពតបស្នង និងថែរក្សានូវមរតកវប្បធម៌ដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកមកឱ្យយើងគ្រប់ជំនាន់»។

ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់ឧបករណ៍នេសាទបុរាណ មានដូចជា អង្រុត ឈ្នាង និងត្រក គឺជាការបង្ហាញពីអត្តសញ្ញាណជាតិ និងជាការដាស់តឿនឱ្យកូនខ្មែរជំនាន់ក្រោយរួមគ្នាអភិរក្សទម្លាប់នេសាទបែបធម្មជាតិ កុំឱ្យបាត់បង់ទៅតាមឥទ្ធិពលនៃសម័យកាលទំនើប។

នៅតាមផ្ទៃទឹកត្រពាំងក្រមដែលមានទំហំ ១ហិកតា (ក្នុងផ្ទៃដីសរុប ៣០ហិកតា) សំឡេងហ៊ោកញ្ជ្រៀវ និងស្នាមញញឹមបានលេចឡើងគ្រប់ទិសទី។ បងប្អូនប្រជាពលរដ្ឋគ្រប់វ័យបានចុះលុយទឹកដោយដៃកាន់ឧបករណ៍នេសាទបុរាណយ៉ាងស្ទាត់ជំនាញ។ ក្រោយបញ្ចប់ការចាប់ត្រី ក៏មានការរៀបចំពិសារអាហារសាមគ្គីជុំគ្នា និងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងកក់ក្តៅ ដែលបង្ហាញពីស្មារតី «ខ្មែរតែមួយ» យ៉ាងពិតប្រាកដ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ខ្ពស់លើការការពារធនធានមច្ឆជាតិ ដោយបានហាមឃាត់ការនេសាទនៅតំបន់នេះមុនពេលពិធីបុណ្យមកដល់ ដើម្បីធានាថាប្រជាពលរដ្ឋដែលមកចូលរួមនឹងទទួលបានផលត្រីត្រឡប់ទៅផ្ទះវិញ និងបង្កើតបានជាបរិយាកាសដ៏អធិកអធមជារៀងរាល់ឆ្នាំ។

ជារួមព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណនៅតំបន់ត្រពាំងក្រម ឆ្នាំ២០២៦ នេះ មិនត្រឹមតែទទួលបានជោគជ័យក្នុងទិដ្ឋភាពតួលេខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងមហាជនក្នុងការស្រឡាញ់ និងថែរក្សាអភិរក្សវប្បធម៌ខ្មែរឱ្យនៅគង់វង្សតរៀងទៅ៕

ប្រភព​៖​ រដ្ឋបាល​ខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.