តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុក រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារសន្ដិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ដោយចុះរៀបចំសណ្ដាប់ធ្នាប់តាមទីប្រជុំជន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវនានាដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំនើត ជួបជុំបងប្អូនញាតិមិត្ត។
ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមលោកអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្ត លោកអភិបាលក្រុងស្រុក អធិការនគរបាល និងមេបញ្ជាការអាវុធហត្ថក្រុងស្រុក មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍ថានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នឹងចូលមកដល់ ដូច្នេះអាជ្ញាធរក្រុងស្រុក រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យល្បាតនិងហាមឃាត់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនអោយមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ និងជំរុញអោយកងកម្លាំងនគរបាលត្រៀមការពារជាប់ជាប្រចាំនៅតាមគោលដៅ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្ដជួបជុំសាច់ញតិនៅតាមស្រុកកំណើត ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានដាក់បទបញ្ជាដល់សម្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងនានា ដែលសង្ស័យថាមានលួចលាក់បង្កប់ការជួញដូរគ្រឿងញៀន ជាពិសេសការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scram ត្រូវដាក់ចេញវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ដើម្បីធ្វើយ៉ាងណាធានាបាននូវសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបានកាន់តែល្អប្រសើរផងដែរ៕
ប្រភពៈ រដ្ឋបាលខេត្តតាកែវ













