ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ”។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីសំណាក់អគ្គលេខាធិការរង ប្រធានអង្គភាព អនុប្រធានអង្គភាព នាយការិយាល័យ នាយរងការិយាល័យ និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើវឌ្ឍនភាពការងារ ពិសេសត្រូវតាមដានសកម្មភាព រាយការណ៍ពីលទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ និងលើកពីបញ្ហាប្រឈមក្នុងកិច្ចប្រជុំ ភា្ជប់ជាមួយសំណូមពរ និងដំណោះស្រាយ ដើម្បីជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យអង្គភាពកាន់តែមានភាពរីកចម្រើន។
ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចំនួន៣ប្រភេទនៅឆ្នាំ២០២៦ ដែលមានទំហំកាន់តែធំ និងអស្ចារ្យជាងឆ្នាំមុនៗ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានក្រើនរម្លឹក ដល់ប្រតិភូ ប្រតិភូរង មន្ត្រី និងកីឡាករ-កីឡាការិនី ទាំង ៤៥ប្រភេទ យកចិត្តទុកដាក់ និងត្រូវមានរបាយការណ៍ជាប់ជាប្រចាំ ជាពិសេសត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្ចាប់ខ្ចួន ក៏ដូចជាថែទាំសុខភាពឱ្យរឹងមាំ ដើម្បីរួចរាល់សម្រាប់ការប្រកួតនានាដែលនឹងឈានមកដល់នាពេលខាងមុខ៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា










