នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលប្រព្រឹតទៅ នៅសាសាខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងភូមិសាស្ត្រខេត្តកំពង់ចាមមិនមានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) នោះទេ ហើយក៏គ្មានការហើរចូលពីខាងក្រៅនៃជនសង្ស័យដើម្បី សម្ងំលាក់ខ្លួន ឬបង្កើត ការឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា និងក៏គ្មានការបង្ខាំងមនុស្សឡើយ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បីរួមចំណែកក្នុងសង្គម រួមគ្នាទប់ស្កាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនផងដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា អ្វីដែលជាមោទនភាពដ៏ឧត្តុង្គឧត្តមរបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំនេះគឺ ១-អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ២-ការិយាល័យប្រជាពលរដ្ឋ ៣- មន្ទីរបង្អែកខេត្តកំពង់ចាម បានជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ ដល់រដ្ឋបាលខេត្ត, សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាធ្វើខេត្តកំពង់ចាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសរដ្ឋបាលខេត្ត ក្រោមការការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។
ឯកឧត្តមសន្ដិបណ្ឌិត ក៏បានជំរុញឱ្យធ្វើការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងក្រុម ក្មេងទំនើង ព្រមទាំងខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន របស់ខ្លួន។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំបន្ថែមដល់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម ត្រូវបន្តថែរក្សាការពារឱ្យបានគត់ម៉ត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យ ខាងតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





