ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ៖ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើស (Online Scams)

ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែល រាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្មការងារគ្រប់គ្រងការ ស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ០៣អនក្រ.បក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាម មូលដ្ឋាន ពិសេសបទល្មើសស្តែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប។

ការលើកឡើងយ៉ាងដូច្នេះនាឱកាសដែល ឯកឧត្តម ប្រាក់ សោភ័ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ នាថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការ ស្នងការរង លោកអធិការ លោកអភិបាល ក្រុង-ស្រុក លោកនាយប៉ុស្តិ៍ ក្រុមហ៊ុនសន្តិសុខឯកជន ប្រធានសមាគម មគ្គុទេសទេសចរណ៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធប្រមាណ ៤០០នាក់។

ក្នុងឱកាសនោះដែរ ​ឯកឧត្តម​ អភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសមត្ថកិច្ច ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវសហការជាមួយប្រជាពលរដ្ឋ ធ្វើជាភ្នែក ជាច្រមុះ បើមានការសង្ស័យសូមឱ្យគាត់រាយការណ៍មកសមត្ថកិច្ច ហើយត្រូវរក្សាការសំងាត់ឱ្យគាត់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេសដោយខុសច្បាប់ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឱ្យបានដើម្បីមុខមាត់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍របស់កម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

bvt

Leave a Reply

Your email address will not be published.