ព័ត៌មានជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន។

កម្មវិធីបិទសិក្ខាសាលានេះដែរក៏ មានការអញ្ជេីញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយករង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA តំណាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី តំណាងអង្គការទស្សនៈពិភពលោក (Word Vision) តំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) តំណាងវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាខណ្ឌ ទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា តំណាងអង្គការដៃគូរពាក់ព័ន្ធសរុបចំនួន២៦០រូប។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទ-ពិសោធន៍ អំពីប្រព័ន្ធរដ្ឋបាលមេត្រីប៉ូលីតែន ដែលបានគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួង មហាផ្ទៃ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ព្រមទាំងបានធ្វើបទបង្ហាញដោយវាគ្មិនចំនួន០២រូប គឺលោកសាស្ត្រាចារ្យ កាមីកូ អាគីអូ (Kamiko Akio) និងលោកសាស្ត្រាចារ្យអេ ឡិច ប្រើឡាន់តេ ជេអរ (Allex Brillantes Jr.)។

ឯកឧត្តម សង្ឃឹមថាតាមរយៈសិក្ខាសាលានេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ពិតជាទទួលបាននូវចំណេះដឹងថ្មីៗ និងគោលគំនិតសំខាន់ៗអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែន ពីប្រទេសជប៉ុន ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ព្រមទាំងអាចប្រើប្រាស់មេរៀន និងបទពិសោធន៍ ទាំងនេះសម្រាប់ជាការពិចារណាក្នុងការកំណត់ជម្រើសដែលមានលក្ខណៈសមស្របក្នុង ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលមេត្រូប៉ូលីតែន ស្របតាមការរំពឹងទុកដែលបានកំណត់ក្នុងកម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាល ទី២ (២០២១-២០៣០)។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ នាពេលបច្ចុប្បន្ននេះ សង្គម សណ្តាប់ធ្នាប់ សាធារណៈ បញ្ហាបរិស្ថាន ការវិវឌ្ឍន៍ផ្នែកឌីជីថល ព្រមទាំងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមកកាន់ទីក្រុងធំៗដើម្បីស្វែករកការងារធ្វើបានធ្វើឱ្យរដ្ឋបាលនៃទីក្រុងធំៗ ជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ដែលទាមទារ ឱ្យការពិនិត្យនិងគិតគូរឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារនិងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗឱ្យស្របទៅតាមប្រភេទនិងចរិតលក្ខណៈនៃរដ្ឋបាលនីមួយៗ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព។

ជាទិសដៅបន្ត ឯកឧត្តម ក៏បានស្នើក្រុមការងារដែលត្រូវបង្កើតឡើងរួចមកហើយនេះ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីអង្គសិក្ខាសាលានាពេលនេះដើម្បីធ្វើជាធាតុចូលក្នុងការកំណត់ជម្រើសនានាសម្រាប់ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យក្លាយជារដ្ឋបាលរដ្ឋបាលមេត្រូប៉ូលីតែនមួយដើម្បីដាក់ជូន គ.ជ.អ.ប. ពិនិត្យពិភាក្សាមុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ទន្ទឹមនេះ ឯកឧត្តម ក៏សូមស្នើដល់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដៃគូរ និងអង្គការសង្គមស៊ីវិលនានា បន្តគាំទ្រដល់ដំណើរការនៃការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលមេត្រូប៉ូលីតែននេះឱ្យសម្រេចបានតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម បានសំដែងនូវអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធន៍ លើប្រព័ន្ធរដ្ឋបាលមេគ្រូប៉ូលីតែននាពេលនេះនិងសូមថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានជួយឧបត្ថម្ភគាំទ្រសិក្ខាសាលានាព្រឹកនេះ និងសូមថ្លែងអំណរគុណដល់ប្រជាជនជប៉ុន រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែបានបានជួយឧបត្ថម្ភនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីដើមរហូតមក ព្រមទាំងបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការរីកចម្រើនជាលំដាប់ពេលដ៏ខ្លីខាងមុខនេះ ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.