ភ្នំពេញ ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមដំណើរការជីកនៅ ចុងខែវិច្ឆិកាឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ នៅតាមទីតាំងដែលរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានការប្រែប្រួលនោះទេ ដោយកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ ខណៈព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្តទៀតថា នៅពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។
ឯកឧត្តម បានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។
សូមបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព៕





