ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទទួលបន្ទុកការងារបុគ្គលិក រដ្ឋបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក ព្រមទាំងសមាជិក សមាជិកា លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃសរុប ចំនួន២២៦រូប ដែលមានរយៈពេលពេញមួយព្រឹក នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្ដីការក្រសួងមហាផ្ទៃ។
នៅក្នុងកម្មវិធីសិក្ខាសាលានេះដែរ លោកគ្រូ លី ហាវ Ly Haw HR Solution ដែលជាវាគ្មិនបានធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធនិងចំណេះដឹងថ្មីៗ ជូនដល់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលបានញ្ជើញមកចូលរួមក្នុងពិធីនេះ ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ វរសេនីយ៍ សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលា ហើយសង្ឃឹមថាអង្គសិក្ខាសាលានេះនឹងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





